ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានបន្តចូលរួមស្តាប់បទបង្ហាញពីអ្នកស្រាវជ្រាវវិទ្យាសាស្ត្រលើដំណាំស្រូវ


នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បណ្ឌិត Matthew Morell អគ្គនាយកវិទ្យាស្ថាន IRRI និងលោកស្រីបណ្ឌិត Jacqueline Hughes អគ្គនាយករង ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានបន្តចូលរួមស្តាប់បទបង្ហាញពីអ្នកស្រាវជ្រាវវិទ្យាសាស្ត្រលើដំណាំស្រូវជាច្រើនរូប ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ការងារស្តីពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យស្រូវអង្ករ យន្តការនៃការផលិតនិងការបង្កាត់ពូជស្រូវតាមតម្រូវចិត្តនិងតម្រូវការទីផ្សារ បង្កើនតម្លៃបន្ថែមលើផលិកម្មដំណាំស្រូវ ការបំពេញខ្សែចង្វាក់ផលិតកម្មកសិកម្ម ការធ្វើទំនើបកម្មកសិកម្ម ការធ្វើកសិកម្មតាមកិច្ចសន្យា បញ្ហាប្រឈម និងគម្រោងពាក់ព័ន្ធនានា នៅទីស្តីការវិទ្យាស្ថាន IRRI នៅទីក្រុងឡូសបាណូស ខេត្តឡាហ្គូណា នៃសាធារណៈរដ្ឋហ្វីលិពីន។

តាមការរាយការណ៍របស់លោកស្រីបណ្ឌិត Jacqueline Hughes បានឲ្យដឹងថា បច្ចុប្បន្នវិស័យស្រូវអង្ករគឺជាវិស័យមួយដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទាំងពិភពលោក ពោលគឺច្រើនជាង ៥០%នៃប្រជាជនទូទាំងពិភពលោកពិសារអង្ករ ហើយលោកស្រីបណ្ឌិតក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្គត់ផ្គង់អង្ករទៅទីផ្សារពិភពលោក និងសាទរដែលកម្ពុជាទទួលបានចំណាក់ថ្នាក់លេខ ១ក្នុងក្របខណ្ឌអង្ករល្អជាងគេពិភពលោកជាលើកទី ៤។ ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតបានបញ្ជាក់ផងដែរថា ការកើនឡើងនៃតម្រូវការនៃអង្ករពីប្រជាជនទូទាំងពិភពលោកនេះ ទាមទារឲ្យវិទ្យាស្ថាន បង្កើនសកម្មភាពទាំងការងារស្រាវជ្រាវបច្ចេកវិទ្យាថ្មី ទំនើប យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូរពាក់ព័ន្ធ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ ស្របតាមយន្តការទំនើបកម្មកសិកម្ម ដើម្បីធានាដល់សន្តិសុខស្បៀង និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

នាឱកាសដ៏មានអត្ថន័យនេះ តាងនាមឲ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរូបលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះវិទ្យាស្ថាន ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកាអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា វិទ្យាស្ថាននឹងបន្តជួយដល់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាសម្រេចឲ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។ ពាក់ព័ន្ធនឹងប្រធានបទខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើនេះ ត្រូវបានពង្រឹងនិងពង្រីកមួយកម្រិតបន្ថែមទៀតតាមរយៈទស្សនកិច្ចផ្លូវការនាថ្ងៃនេះ ព្រមជាមួយលទ្ធផលជាផ្លែផ្កាដែលទទួលបានពីកិច្ចពិភាក្សារវាងភាគីទាំងពីរ ដោយភាគីទាំងពីរបានឯកភាពរួមគ្នា ទី១. រៀបចំចងក្រងយុទ្ធសាស្ត្រភាពជាដៃគូរយៈពេល ៥ឆ្នាំថ្មី ២០១៩-២០២៣ ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទី២. បន្តអនុវត្តផែនការដំណាក់កាលទី៣ នៃគម្រោង RIICE ដែលប្រើប្រាស់ប្រព័ន្ធផ្កាយរណប SAR ដើម្បីទាញយកព័ត៌មានពីលើអាកាសនូវស្ថានភាពនៃទឹកជំនន់ គ្រោះរាំងស្ងួត ល្បឿនបង្កបង្កើនផល និងទិន្នផលដំណាំស្រូវ។ ទី៣. កសាងសមត្ថភាពមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម តាមរយៈវគ្គបណ្តុះបណ្តាលដោយមានការអនុវត្តជាក់ស្តែងស្តីអំពីការត្រួតពិនិត្យគុណភាព និងសុខភាពគ្រាប់ពូជ។ ទី៤. ពិនិត្យ និងផ្តល់យោបល់ពាក់ព័ន្ធនិងការនាំចេញអង្ករកម្ពុជាប្រកបដោយកលានុវត្តភាព និងការឧត្តមភាព។