ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកបណ្ឌិត Matthew Morell បានអញ្ជើញចូលជាអធិបតីក្នុងពិធីចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីពូជដំណាំរបស់កម្ពុជា


បន្ទាប់ពីកិច្ចពិភាក្សារវាងភាគីទាំងពីរត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកបណ្ឌិត Matthew Morell អគ្គនាយកវិទ្យាស្ថាន IRRI បានអញ្ជើញចូលជាអធិបតីក្នុងពិធីចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីពូជដំណាំរបស់កម្ពុជា។ ក្នុងពិធីដ៏មានសារៈសំខាន់នារសៀលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានឡើងថ្លែងសុន្ទរកថា ដោយលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវិទ្យាស្ថានដែលបានសហការជាមួយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចងក្រងយុទ្ធសាស្ត្រដ៏សំខាន់នេះឡើងសម្រាប់អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដើម្បីលើកកម្ពស់ផលិតកម្មពូជដំណាំថ្មីៗដែលមានទិន្នផលខ្ពស់ ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវចិត្តនិងតម្រូវការទៅផ្សារ ប្រព័ន្ធចែកចាយនិងទីផ្សារពូជដំណាំប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្ត្រីក៏មានជំនឿចិត្តថា ព្រឹត្តិការណ៍នាថ្ងៃនេះបានពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថាន IRRI ថែមមួយកម្រិតទៀត ហើយក្រសួងនឹងព្រឹងអស់លទ្ធភាពដើម្បីឲ្យយុទ្ធសាស្ត្រនេះទទួលបានលទ្ធផលដូចការរំពឹងទុក។