នាថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោក SUGANO Yuichi តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា រួមជាមួយ លោកឈឹម ផល្លា ប្រធានប្រតិបត្តិគម្រោងផ្លូវជាតិលេខ៥ មន្ត្រីបច្ចេកទេសមកពីប្រទេសជប៉ុន និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ស្របពេលដែលគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីធ្លាម្អម(ខេត្តពោធិ៍សាត់) រហូតដល់ខេត្តបន្ទាយមានជ័យ បាននឹងកំពុងចាប់ផ្តើមការងារស្ថាបនារបស់ខ្លួន ។
ការចុះពិនិត្យនេះ ផ្តោតសំខាន់លើការត្រួតពិនិត្យគុណភាព បច្ចេកទេស សុវត្ថិភាព និងដំណើរការងារសាងសង់ ដើម្បីអាចបញ្ចប់ការងារទៅតាមការគ្រោងទុក។ ក្នុងនោះ ឯកឧត្តម តូច ចាន់កុសល បានផ្តល់អនុសាសន៍ដល់បណ្តាក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវអនុវត្តការស្ថាបនាដោយឈរលើបទដ្ឋានស្តង់ដារបច្ចេកទេស និងគោរពតាមគំនូសប្លង់ដែលបានអនុម័តដោយក្រសួង អនុវត្តការងារត្រួតពិនិត្យសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនទាំងចំពោះបុគ្គលិកក្នុងការដ្ឋាន និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងជាពិសេសត្រូវបន្ថែមក្រុមការងារសម្រួលចរាចរណ៍ ត្រង់ទីតាំងបញ្ចៀសចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងចៀសវាងកើតមានឧប្បត្តិវហេតុដោយចៃដន្យ។