សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ដល់ប្រទេសចិនប្រកបដោយសុវត្ថិភាព


នៅម៉ោងប្រមាណជា ១៣៖២០​នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា​ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង​ ​សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព។ វត្តមាននៃការអញ្ជើញមកទទួលគារវកិច្ច​ សម្តេចតេជោនាយករដ្ឋមន្រ្តី​ រួមមានថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនសំខាន់ៗជាច្រើនរូប​ និងមន្ត្រីទូតរបស់កម្ពុជាប្រចាំនៅប្រទេសចិន។

ក្នុងកំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយប្រមុខដឹកនាំសំខាន់ៗ​ របស់ប្រទេសចិន​រួមមាន លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន លោក លី​ ចាន់ស៊ូ (Li​ Zhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សានយោបាយចិន និងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន​ និងប្រមុខដឹកនាំ​ និងធុរកិច្ចជន​ ចិនជាច្រេីនរូបទៀត។ ការជួបពិភាក្សានឹងផ្តោតទៅលើការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។

តាមកម្មវិធីថ្ងៃនេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នឹងជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនផងដែរ៕