ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្ដេចតេជោ ហ៊ុន សែន ទៅក្រៅប្រទេសដើម្បីកៀរគរ​វិនិយោគិនមក​វិនិយោគនៅស្រុកខ្មែរ ខុសពីអ្នកនយោបាយខ្លះ ​អង្វរបរទេសឲ្យដាក់ទណ្ឌកម្មលើខ្មែរ


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​ចេញទៅក្រៅប្រទេស ខិតខំកៀរគរឲ្យវិនិយោគិន មកវិនិយោគនៅស្រុកខ្មែរ ដើម្បីបង្កើតឱកាសការងារជូនកូនចៅប្រជាពលរដ្ឋ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋសម្បូរសប្បាយ និងធ្វើឲ្យប្រទេសជាតិរីកចម្រើន សំបូរសប្បាយរុងរឿង។

ផ្ទុយពីអ្នកនយោបាយខ្លះ ដែលទៅអង្វបរទេសឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើប្រទេសរបស់ខ្លួន និងមិនឲ្យវិនិយោគិនមកវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ ផ្ទុយទៅវិញសម្តេចតេជោ ហ៊ុន សែន បានខិតខំឲ្យគេមកវិនិយោគ លើគ្រប់វិស័យជាពិសេស គឺឧស្សាហកម្មធុនតូច និងមធ្យមដែលមានរោងចក្រ សហគ្រាសជាច្រើន ហើយអាចមានសមត្ថភាពផលិតនាំចេញ ទៅក្រៅប្រទេស។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងក្នុងឱកាស​តំណាង​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធអគារសិក្សា សាលាបឋមសិក្សាអង្គថ្មី និងសមិទ្ធផលនានាក្នុងវត្តអង្គថ្មី ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ថ្លែងផងដែរថា ការបណ្ដុះបណ្ដាលផ្នែកធម៌ គុណធម៌ សីលធម៌ ដែលសាសនា បានចែករំលែកនេះ មិនមែនមានតែនៅក្នុងវត្តនោះទេ គឺបានមកពីការរស់នៅប្រចាំថ្ងៃ ការប្រៀនប្រដៅរបស់ឪពុកម្ដាយ។ ដូច្នេះថ្ងៃនេះ យើងសម្ពោធសមទ្ធិផល ដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋជំនាន់ក្រោយ។ ការកសាងសមិទ្ធផល ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនេះ គឺមានសារៈសំខាន់ណាស់ ហើយសម្តេចតេជោ ហ៊ុន សែន លោកខិតខំយកចិត្តទុកដាក់ណាស់ ដើម្បីកសាងសមិទ្ធផល ដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយលំបាកដូចជំនាន់មុនទៀត។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានខិតខំបង្កើតនូវយន្តការជាច្រើន ដើម្បីកសាងសមិទ្ធផល និងជួយបម្រើប្រជាពលរដ្ឋ។ ជាមួយនេះ ក៏សូមថ្លែងអំណរគុណ​ដល់ ក្រុមការងារគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានចុះជួយប្រជាពលរដ្ឋ ព្រោះស្មារតីចុះជួយប្រជាពលរដ្ឋនេះ គឺយើងខិតខំដោះស្រាយបំពេញតំរូវការ ជូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏សម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ ព្រះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ សប្បុរសជន ទាំងអស់ដែលបានខិតខំចូលរួម ចំណែកកសាងសមិទ្ធផលនេះ។ លោកអះអាងថា យើងមិនមានដូចប្រជាពលរដ្ឋអាមេរិកនោះទេ ហើយមិនចាំបាច់មានមហាសេដ្ឋី ទម្លាក់លុយ​ឲ្យមកកសាងព្រះវិហារមួយនេះទេ គឺខ្មែរយើងម្នាក់ៗ មានទឹកចិត្ត និងវប្បធម៌ចែករំលែក។ នេះហើយបានធ្វើឲ្យយើង កសាងនូវសមិទ្ធផលនេះបាន ដូចសម្តេចតេជោ ហ៊ុន សែន ​បានធ្លាប់មានប្រសាសន៍ថា ខ្មែរយើងមានចំណុច​ខ្លាំងមួយ គឺមានចិត្តចូលរួមកសាងតាមលទ្ធភាព។ នេះហើយ គឺជាទឹកចិត្តស្មារតីរួមគ្នាកសាងក្នុងដំណាក់កាល ដែលប្រទេសមានសុខសន្តិភាព ស្ថិរភាព ហើយលោកជឿជាក់ថា ស្មារតីនេះនឹងរួមគ្នាបន្តទៅទៀត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ សូមថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានជួយសម្រួលដឹកនាំការងារ បង្កលក្ខណៈ នៅក្នុងការកសាងសមិទ្ធផលនេះ ជួយនៅក្នុងការបំពេញភារកិច្ច បម្រើ ការពារសុខសន្តិភាព ស្ថិរភាព សន្តិសុខជូនប្រជាពលរដ្ឋ ដែលនេះ​​ជាសេចក្តីសុខ សេចក្តីស្ងប់នៅក្នុងអារម្មណ៍របស់ប្រជាពរដ្ឋ៕