សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន


នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Comrporation CRBC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាគ្នានោះ ក្រុមហ៊ុនវិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន បានគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីបច្ចុប្បន្នភាពនៃគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងផែនការសម្រាប់អនុវត្តន៍នៅពេលខាងមុខ ដែលកន្លងមកក្រុមហ៊ុនវិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន បានរួមចំណែកសាងសង់ផ្លូវ និងស្ពាន ជាច្រើនក្នុងប្រទេសកម្ពុជា ហើយសម្រាប់ពេលខាងមុខ ក្រុមហ៊ុននិងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា វៀតណាម បាវិត ការស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ពោធិសាត់ និងខេត្តបាត់ដំបង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុន បើកការដ្ឋានសាងសង់ឲ្យបានឆាប់នូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ដែលយើងបានធ្វើការដោះស្រាយរួចរាល់មកហើយនោះ។ ទី២ពាក់ព័ន្ធផ្លូវដែលត្រូវតភ្ជាប់ចេញពីរាជធានីភ្នំពេញ ភ្ជាប់ជាមួយនិងផ្លូវល្បឿនលឿន គឺយើង ត្រូវសិក្សាជាបន្ទាន់ដើម្បីសាងសង់តភ្ជាប់។ ដោយឡែកចំពោះផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សម្តេចតេជោបានបញ្ជាក់ថា ក្រុមហ៊ុនត្រូវតែសិក្សានិងជជែកគ្នាបន្ថែមជាមួយនិងស្ថាប័នពាក់ព័ន្ធ ដោយសារមានក្រុមហ៊ុនជាច្រើនបានសិក្សារួមមកហើយនោះ៕