សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួយពិភាក្សាការងារជាមួយប្រធានសមាគមមិត្តភាពចិន-កម្ពុជា


នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Gu Xiulian ប្រធានសមាគមមិត្តភាពចិន-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោកជំទាវ Gu Xiulian មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ នៃសមាគមមិត្តភាពចិន កម្ពុជា បានជួបសំណេះ​សំណាល នៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងឱកាសដែលរូបសម្តេចអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការដ៏មមាញឹកបំផុតនេះ។ លោកជំទាវក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីភាពរីកចម្រើនធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រទេសយើងទាំងពីរចិន កម្ពុជា បានបង្កើតឡើងនូវ សមាគមមិត្តភាពចិន កម្ពុជា កាលពីពេលកន្លងទៅ។ លោកជំទាវក៏បានជំរាបជូនសម្តេចតេជោដែរ ថា សមាគមមិត្តភាពចិន កម្ពុជា មានសមាជិកចូលរួមគឺជាអតីតមន្រ្តីការទូតរបស់ប្រទេសចិន ប្រ​ចាំកម្ពុជា និងអ្នកមួយចំនួនទៀត ក៏ជាអ្នកធ្លាប់បំពេញការងារមនុស្សធម៌មួយចំនួន ក្នុងប្រទេសកម្ពុជា។

លោកជំទាវក៏បានសំដែងនូវការអបអរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនៈភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរ​សើរចំពោះថ្នាក់ដឹកនាំ នៃ​សមាគមមិត្តភាពចិន កម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការ​ជួយដល់បុព្វហេតុមនុស្ស​ធម៌ ក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានសំដែងនូវ​សេចក្តី​សប្បាយរីករាយផងដែរ ដោយបានជួបថ្នាក់ដឹកនាំនៃសមាគមមិត្ត​ភាពចិន កម្ពុជា ជាថ្មីម្តង​ទៀត បន្ទាប់ពីបានជួបក្នុងព្រឹត្តិការណ៍ នៃការប្រារព្វខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតនៃ​ប្រទេស​ទាំងពីរ នៅរាជធានីភ្នំពេញ៕