សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួយពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ​មជ្ឈឹម​បក្សកុម្មុយនីស្តចិន


បន្ទាប់ពីអញ្ជើញជួបជាមួយប្រធាសមាគមមិត្តភាពចិន-កម្ពុជារួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តីបានទទួលជួបសំ​ដែងការគួរសម ជាមួយ ឯកឧត្តម សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ​មជ្ឈឹម​បក្សកុម្មុយនីស្តចិន។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណជូន ចំពោះឯកឧត្តម សុង តាវ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញមកជួបសួរសុខទុក្ខ ដោយផ្ទាល់ចំពោះរូបសម្តេចនៅទីក្រុងប៉េកាំងនាពេលនេះ បន្ទាប់ពីការជួបនៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម សុង តាវ ក៏បានធ្វើការ​ពិភាក្សាគ្នាយ៉ាងស៊ីជំរៅ ទៅលើការពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេស ទាំងពីរកម្ពុជា-ចិន ទាំងផ្នែករដ្ឋ គណបក្ស និងផ្នែកឯកជន ពិសេសការតភ្ជាប់រវាងប្រជាជន និង​ប្រជាជន នៃប្រទេសទាំងពីរ។ ឯកឧត្តមមានប្រសាសន៍ថា សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាអ្នកដែលបានយកចិត្តទុកដាក់ពីទំនាក់ទំនងរវាងចិន និងកម្ពុជា តាមរយៈទស្សនកិច្ច និងការងារ​ផ្សេងៗទៀត ពិសេសទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ ឯកឧត្តម​ មានប្រសាសន៍ថា ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនជីង ចាត់ទុកសម្តេចតេជោគឺជាមិត្តដែកថែម សម្រាប់ប្រទេស និងប្រជាជនចិន។ តាមរយៈនេះចិននឹងបន្តគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់រយៈពេលវែង និងចូលរួម​ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់កម្ពុជាក្នុងការការពារ​អធិបេតយ្យភាព និងឯករាជ្យភាពរបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម​ ក៏បានគូស​ បញ្ជាក់ជូនសម្តេចតេជោ​ ពីកម្មវិធីជាច្រើនទៀត ក្នុងការជួយដល់កម្ពុជាក្នុងនោះរួមទាំងវិស័យ​អាទិភាពរបស់កម្ពុជា គឺការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសមន្រ្តីកម្ពុជា។

សម្តេចតេជោ មានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាពចំពោះទំនាក់ទំនង នៃប្រទេសទាំងពីរ ពិសេសបានថ្លែងអរគុណដល់ប្រទេសចិន ដែលបានជួយគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ។ សម្តេចតេជោ បន្តថា នយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ គឺផ្សារភ្ជាប់ទៅនិងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជា ដែលនោះគឺជាវិថីដ៏ល្អក្នុងការជំរុញទាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជំរៅថែមទៀត៕