បន្ទាប់ពីអញ្ជើញជួបជាមួយរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនរួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។
ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមប្រ ធានាធិបតីចិន ស៊ី ជីនពីង មានប្រសាសន៍ចាត់ទុកទស្សនកិច្ចវផ្លូវការរបស់សម្តេចតេជោមកកាន់ ប្រទេសចិននៅពេលនេះ គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែខ្ពស់ត្រដែតថែមទៀត។ ឯកឧត្តមប្រធានាធិបតី ក៏បានគូសបញ្ជាក់ពីខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ ឯកឧត្តមបន្តថា ឯកឧត្តមផ្ទាល់ជាមួយព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងនិងអញ្ជើញចូលរួមក្នុងកម្មវិធី ប្រពៃណីក្នុងប្រទេសចិន។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ និងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខណ្ឌ ខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងនោះភាគីទាំងសងខាងនឹងបន្តយកចិត្តទុកដាក់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។
ឯកឧត្តម បន្តថា បច្ចុប្បន្ននេះ បើទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈនេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត។ ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជានឹងទទួលបាននូវភាពជោគជ័យថែមទៀត ក្នុងរយៈពេល៦០ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ ចិនសូមគាំទ្រចំពោះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនៈភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយ ក្នុងការទៅបំពេញទស្សនកិច្ចផ្លូវការសាជាថ្មីម្តងទៀត ក្នុងប្រទេសចិន។ សម្តេចក៏បានថ្លែង នូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែទទួលនូវព្រះរាជបដិសណ្ឋារកិច្ចចំពោះព្រះវត្តមានព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយាង ទៅកាន់ប្រទេសចិន ក្នុងការពិនិត្យព្រះរាជសុខភាព និងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ សម្តេចតេជោក៏បានលើកពីបញ្ហាមួយចំនួន ស្តីពីទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងនោះទី១ សម្តេចតេជោបានជំរាបជូន ឯកឧត្តមប្រធានាធិបតីអំពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ពិសេស ការក្រោយការបោះឆ្នោតសកល កម្មវិធីកំណែទំរង់នានារបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ពីការ លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្តេចតេជោក៏បានគូសបញ្ជាក់ពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានគណបក្សនយោបាយចូលរួមចំនួន១៩គណបក្ស។ ក្នុងជំនួប ពិភាក្សានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើជូនឯកឧត្តមប្រធានាធិបតី ក្នុងការជំរុញ អ្នកវិនិយោគចិនបន្តមកវិនិយោគ និងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការបង្កើតរោងចក្រថ្មីៗ ថែមទៀត។
ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន ដែលជាទំនាក់ទំនងមានលក្ខណៈប្រពៃណី ហើយអ្វីដែលសម្តេចចង់ឃើញនោះគឺ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះ គឺបន្តថែទាំ និងរក្សាឲ្យកាន់តែរឹងមាំថែមទៀត។ សម្តេចតេ ជោបានស្នើឲ្យបន្តយន្តការទ្វេភាគីកាន់តែរឹងមាំ ជាមួយគ្នានេះសម្តេចនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ លើកទី២ នៅចុងខែមេសា ឆ្នាំ២០១៩។ សម្តេចតេជោក៏បាន ស្នើថា ឆ្នាំ២០១៩គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងជាឆ្នាំនៃការផ្លាស់ប្តូរទេស ចរណ៍នៃប្រទេសទាំងពីរ។ សម្តេចតេជោក៏បានស្នើដល់ឯកឧត្តមប្រធានាធិបតី គឺធ្វើយ៉ាងណាឲ្យ ប្រទេសទាំងពីរអាចមាននូវ កិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរី ព្រោះដោយសារប្រទេសទាំងពីរមាន ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រួចមកហើយតាំងពីរឆ្នាំ២០១០មកនោះ។
ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍ថា ទំនាក់ទំនងរវាងចិននិងកម្ពុជា គឺពិតជាមានលក្ខណៈពិសេសខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសផ្សេងៗទៀត ពោលគឺទំនាក់ទំនងនៃ ប្រទេសទាំងពីរ មានលក្ខណៈសំខាន់បំផុត។ ឯកឧត្តមបន្តថា លក្ខណៈពិសេសគឺទំនាក់ទំនងរវាង សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ជាមួយថ្នាក់ដឹកនាំចិន និងចាត់ទុកបានឡើងដល់កម្រិតមួយដែលខ្ពស់បំផុត បើប្រៀបធៀបទៅនិងប្រទេសផ្សេងៗទៀត។ ឯកឧត្តមបន្តថា ចិននិងកម្ពុជា នឹងបន្តរួមគ្នាសហគមន៍ដែលជាសហគមន៍រួមគ្នា ដើម្បីរៀបចំផែនការធ្វើកិច្វសហការលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជនិងប្រជាជន។ ឯកឧត្តមមានប្រសាសន៍ស្វាគមន៍ ជូនចំពោះសម្តេចដែលនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី២ ស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅប្រទេសចិនក្នុងពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍ដែរថា នៅក្នុងឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីប្រទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ ២០២៣ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន សម្រាប់រយះពេល៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីទំនាក់ទំនងទ្វេ ភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕