ស្ថានីយបូមទឹក ហ៊ុន សែនទី ៥២ និង ទី ៥៣ បានចាប់ផ្ដើមដំណើរការសាងសង់ហើយ ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ


តបតាមការសន្យារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចផ្តល់ជូននូវស្ថានីយបូមទឹកថ្មី ០២ កន្លែង ( ក្នុង ០១ កន្លែង មានបំពាក់ក្បាលម៉ាស៊ីនបូមទឹក និងទុយោដែលមានអង្កត់ផ្ចិត ៣០០ មម ចំនួន ០២គ្រឿង ) ជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទុកជាចំណងដៃដល់ប្រជាកសិករនៅក្នុងឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ស្ថានីយបូមទឹក ហ៊ុនសែន ទី ៥២ និង ទី ៥៣ បានចាប់ផ្តើមអនុវត្តដំណើរការសាងសង់ក្រោមការដឹកនាំរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលមកដល់ពេលនេះសម្រេចបាន 20% ហើយ។ ជាក់ស្ដែងថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងសហការីបានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំដល់មន្ត្រីបច្ចេកទេសទទួលបន្ទុកការអនុវត្តសាងសង់ ឲ្យយកចិត្តទុកដាក់គោរពទៅតាមបទដ្ឋានបច្ចេកទេស ។