អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា នាពេលឆាប់ៗខាងមុខ ខេត្តពោធិ៍សាត់នឹងបង្កើតស្រុកថ្មីមួយទៀត


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា នាពេលឆាប់ៗខាងមុខ ខេត្តពោធិ៍សាត់នឹងបង្កើតស្រុកថ្មីមួយទៀត បន្ថែមពីលើ ៥ស្រុក និងក្រុងមួយ គឺស្រុកតាលោសែនជ័យ ដើម្បីរំកិលសេបនវារដ្ឋបាល ឲ្យកៀកនឹងខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ ដូច្នេះស្រុកថ្មីនេះ ក៏ដូចជាបណ្តាស្រុកក្រុងដ៏ទៃទៀត ត្រូវការខ្លាំងណាស់នូវធនធានមនុស្ស ដែលមានសមត្ថភាព មានការបណ្តុះគំនិត បណ្តុះនូវវប្បធម៌កតញ្ញូ និងចរឹកជាតិនិយម ស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ។

ឯកឧត្តមបានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្នុងពិធីប្រកាសឲ្យចូលកាន់មុខតំណែង មន្ត្រីរាជការរដ្ឋបាលស្រុក និងប្រធានអនុប្រធានការិយាល័យជំនាញ ចំណុះរដ្ឋបាលស្រុកក្រគរ ដោយបានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាស្រុក ឃុំ មេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ និងមន្ត្រីរាជការជុំវិញស្រុកជាង៣០០នាក់។

មន្ត្រីរាជការដែលត្រូវតែងតាំង និងប្រគល់ភារកិច្ចថ្មីនាពេលនោះរួមមាន៖
១-លោកស្រី មិត្ត សុភាព ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកក្រគរ តាមប្រកាសលេខ៨០០៦ ប្រក។ ២-លោក ញឹម ណារ៉េត អត្ថលេខ ២៦៦០៤០០០៤១ នៃក្របខ័ណ្ឌលេខាធិការរដ្ឋបាល ថ្នាក់លេខ៧ ជាប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ សាលាស្រុកក្រគរ តាមដីកាលេខ០០៩/១៨ ដក.ខពស។ ៣-លោកស្រី ស៊ិន សាវ៉ើន អត្ថលេខ ២៨៩១៥០០០៦៨ ឋានន្តរសក្តិក្រមការ ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ជាប្រធានអង្គភាពលទ្ធកម្ម តាមដីកាលេខ០១៦/១៨ ដក.ខពស។ ៤-លោក រស់ សៃហ៊ុត អត្ថលេខ ១៦៥១៥០០០៣៣ ឋានន្តរសក្តិគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ៣ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ជាប្រធានការិយាល័យអប់រំស្រុកក្រគរ តាមដីកាលេខ០៣៦/១៧ ដក.តត.ខពស។ ៥-លោក សួន នៅ អត្ថលេខ ១៨១១៥០០០៩២ ឋានន្តរសក្តិគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ៣ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអនុប្រធានការិយាល័យអប់រំស្រុកក្រគរ តាមដីកាលេខ០៣៦/១៧ ដក.តត.ខពស។ ៦-លោក ស៊ីន រតនា អត្ថលេខ ១៨៤១៥០០១២៥ ឋានន្តរសក្តិក្រមការ ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ជាប្រធានការិយាល័យបរិស្ថានស្រុកក្រគរ តាមដីកាលេខ០១៥/១៨ ដក.ខពស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានបន្តដោះស្រាយបញ្ហាប្រឈម ទៅតាមសំណូម ជូនបងប្អូនប្រជាពលរដ្ឋ បានជាច្រើនករណីផងដែរ៕