នារសៀលថ្ងៃទី២១ខែមករាឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី(ក.ជ.ក.ស)បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី ប្រធានប្រតិបត្តិ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិក សមាជិកា ក.ជ.ក.ស ចំនួន២៥រូប ព្រមទាំងមន្ត្រីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃក.ជ.ក.ស ។ គោលបំណងរបៀបវារៈកិច្ចប្រជុំនេះមាន៥ចំណុច ១.ប្រកាសសេចក្តីសម្រេចតែងតំាង សមាជិក សមាជិកា ក.ជ.ក.ស និងបង្ហាញពីរចនាសម្ព័ន្ធ តូនាទីភារកិច្ច របស់ ក.ជ.ក.ស ជូនសមាជិក ថ្មី ២.ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងផែនការសកម្មភាព ការងារឆ្នាំ២០១៩របស់ ក.ជ.ក.ស ។ ៣. ពិនិត្យលើការអនុវត្តអនុសាសន៍១១ចំណុចឆ្នាំ២០១៨ និងសេចក្តីព្រាងអនុសាសន៍ឆ្នាំ២០១៩ ដើម្បីដាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ៤. ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងព្រឹត្តបត្រ លេខ១៥របស់ក.ជ.ក.ស ៥.គម្រោងសហការរវាង ក.ជ.ក.ស ជាមួយគណៈមេធាវីកម្ពុជាក្នុងការផ្តល់សេវាមេធាវីសម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សា ។