សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ មករា នេះ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីរិតចំណងសាមគ្គី មិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ការជំរុញឲ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធាររដ្ឋប្រជាមានិតចិន ឲ្យកានតែរឹងមាំទ្វេឡើងថែមទៀត ពិសេសការបន្តចូលរួមអនុវត្តឲ្យកាន់មានប្រសិទ្ធភាព និងស៊ីជំរៅទ្វេឡើងទៀត នូវការអនុវត្តក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំនៃប្រទេសទាំងពីរ បានប្រកាស់ដាក់ចេញកាលពីពេលថ្មីៗកន្លងទៅ។
នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដាក់កម្រងផ្កានៅវិមានវិរៈជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ជាមួយនឹងកម្រងផ្កាដែលមានចារឹកអក្សរពណ៌មាស មានអត្ថន័យថា «វិរៈជនរបស់ប្រជាជនចិនស្ថិតនៅជាអមតៈ» សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំអោនកាយវាចារចិត្តដោយសេចក្តីគោរព ជូនចំពោះវិញ្ញាណក្ខន្ធវិរៈយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុនៃការការពារទឹកដី និងការវាយប្រយុទ្ធការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន រហូតក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០។
សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិន ត្រូវបានតម្លើងទៅជាកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រហូតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ចិន បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា ចិន នៅទីក្រុងប៉េកាំង៕