អនុវត្តតាមការចង្អុលបង្ហាញរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យ សិក្សា និងវាយតម្លៃលើទីតាំងដែលគ្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រមួយកន្លែង ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ការងារដែលក្រុមការងារបានសិក្សាតាមការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្ត្រី រួមមាន ៖
– ជំហានទី ១ ៖ សាងសង់សំណង់កាត់ស្ទឹងស្រែង ( ស្ទឹងក្រឡាញ់ ) ចំនួន ០១ កន្លែង ។
– ជំហានទី ២ ៖ រៀបចំហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពនៅលើផ្ទៃដីស្រូវវស្សាប្រមាណ ២០.០០០ ហត និងស្រូវប្រាំង ១២.០០០ ហត នៅក្នុងឃុំប្រាសាទ ឃុំភ្នំលៀប ឃុំរហាល ឃុំព្រះនេត្រព្រះ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ឃុំសំប៊ួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងឃុំសំបួរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។