ឯកឧត្តម តូច ចាន់កុសល បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)


ថ្ងៃពុធ ៣រោជ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្ដីទីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីស្ដីទី បានឱ្យដឹងថា៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ និងធ្វើជាប្រធាន បន្តវេនតាមលំដាប់អក្សរឡាតាំងនូវកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការរួមសម្រាប់អនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្រោមក្របខ័ណ្ឌមហាអនុតំបន់មេគង្គ(GMS-CBTA) និងកិច្ចប្រជុំគណៈកម្មាធិការជាតិសម្រួលការដឹកជញ្ជូនឆ្លងដែន ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមីនា ឆ្នាំ ២០១៩ នៅទីក្រុងសៀមរាប ខេត្តសៀមរាប។

ភាគីទាំងពីរបានជជែកពិភាក្សាលម្អិតលើការបែងចែកការទទួលខុសត្រូវ និងរបៀបវារៈដើម្បីត្រៀមរៀបចំកិច្ចប្រជុំនេះឱ្យមានភាពរលូន និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្របខ័ណ្ឌមហាអនុតំបន់ មេគង្គ (7th JC GMS CBTA)។

គួររំលឹកផងដែរថា៖ បន្ទាប់ពីការចូលជាធរមាននូវកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) ក្នុង ឆ្នាំ២០១៥ ក្រុមរដ្ឋមន្រ្តីមហាអនុតំបន់មេគង្គ បានពិភាក្សាលើបែបបទសម្រាប់អនុវត្តឱ្យ បានពេញលេញដែលក្នុងនោះរួមមាន៖
១.ការផ្តល់និងចេញលិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់ព្រំដែនទៅឱ្យប្រតិបត្តិករ ឆ្លងដែនដែលជាវិធានការ/បទបញ្ញត្តិបន្ទាន់សម្រាប់អនុវត្តកិច្ចព្រមព្រៀងCBTA
២.ការធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិនៃមាត្រា CBTAនិងទិសដៅបន្ត រាប់បញ្ចូលទាំងថាតើធ្វើដូចម្តេចដើម្បីធានាថាCBTA ជាកិច្ចព្រមព្រៀងមួយមានសារៈសំខាន់ និង
៣. ពេលវេលាជាក់លាក់សម្រាប់ការអនុវត្តCBTA ឱ្យបាន ពេញលេញ។