កិច្ចប្រជុំក្រុមឧត្តមមន្ត្រីសម្រាប់វេទិកាលើកទី៣ របស់រដ្ឋមន្ត្រី និងអាជ្ញាធរបរិស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិក


នៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោក ប៉ាក សុខារ៉ាវុត អគ្គនាយករងគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមឧត្តមមន្ត្រី នៃបណ្តាប្រទេសអាស៊ី ប៉ាស៊ីហ្វិក សម្រាប់វេទិកាលើកទី៣ របស់រដ្ឋមន្ត្រី និងអាជ្ញាធរបរិស្ថានសម្រាប់អាស៊ី ប៉ាស៊ីហ្វិក។ កិច្ចប្រជុំមានការចូលរួមពីរដ្ឋសមាជិកមកពីប្រទេសអាស៊ី ប៉ាស៊ីហ្វិក អង្គការបរិស្ថានសហប្រជាជាតិ ភ្នាក់ងារអង្គការអន្តរជាតិ អ្នកវិទ្យាសាស្ត្រ គ្រឹះស្ថានសិក្សា វិស័យឯកជន និងសង្គមស៊ីវិល សរុបចំនួន២៥០ នាក់។
ជាលទ្ធផលកិច្ចប្រជុំ បានពិភាក្សា ផ្លាស់ប្តូរទស្សនគ្នា និងលើកគំនិតលើប្រធានបទមួយចំនួន រួមមាន ១) ការពិនិត្យលើការអនុវត្តសេចក្តីសម្រេចនានា ដែលបានអនុម័តដោយកិច្ចប្រជុំពេញអង្គសភាបរិស្ថានសហប្រជាជាតិ ជាពិសេសវឌ្ឍនភាពនៅប្រទេសអាស៊ីប៉ាស៊ីហ្វិក ២)ការផ្តល់ធាតុចូលថ្នាក់តំបន់លើសេចក្តីព្រាងសេចក្តីសម្រេច (ក)ដំណោះស្រាយប្រកបដោយនវានុវត្តន៍សម្រាប់បញ្ហាប្រឈមបរិស្ថាន និងការប្រើប្រាស់និងការផលិតដោយនិរន្តរភាព និង(ខ)សេចក្តីព្រាងសេចក្តីសម្រេច និងសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីអាស៊ី ប៉ាស៊ីហ្វិក សម្រាប់កិច្ចប្រជុំសភាបរិស្ថានសហប្រជាជាតិលើកទី៤ ខែ មីនា ឆ្នាំ២០១៩ នៅប្រទេសកេនយ៉ា និង៣)អង្គប្រជុំបានអនុម័តលើរបាយការណ៍កិច្ចប្រជុំរបស់ឧត្តមមន្ត្រី អាស៊ី ប៉ាស៊ីហ្វិក។ លទ្ធផលទាំងអស់នេះ នឹងត្រូវដាក់ជូនវេទិកាលើកទី៣ របស់រដ្ឋមន្ត្រី និងអាជ្ញាធរបរិស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិក អនុម័តនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ ម៉្យាងទៀត ឯកឧត្តម វ៉ាន់ មុនីនាថ ក៏បានថ្លែងការណ៍បញ្ជាក់ពីការខិតខំអនុវត្តរបស់កម្ពុជា និងស្នើឱ្យពិនិត្យដំណើរការ និងយន្តការតំបន់អាស៊ី ប៉ាស៊ីហ្វិក លើដំណោះស្រាយប្រកបដោយនវានុវត្តន៍ សម្រាប់គោលនយោបាយហិរញ្ញវត្ថុ បច្ចេកវិទ្យា គំរូពាណិជ្ជកម្ម និងការផ្លាស់ប្តូរអត្តចរិកនៅក្នុងការប្រើប្រាស់ និងការផលិតដោយចីរភាព រួមទាំងបញ្ហាអាទិភាពសំខាន់ៗសម្រាប់តំបន់ទាក់ទងនឹងកិច្ចការពារបរិស្ថានសមុទ្រ ការគ្រប់គ្រងព្រៃកោងកាង និងដី មមោគ ហេដ្ឋារចនាសម្ព័ន្ធដោយនិរន្តរភាព ការគ្រប់គ្រងសំណល់ (សំណល់ប្លាស្ទិក សំរាមសមុទ្រ និងមីក្រូប្លាស្ទិក) និងការប្រែប្រួលអាកាសធាតុ។