ដំណាំស្រូវប្រាំងខ្វះទឹកជាងមួយពាន់ហិកតារបស់កសិករក្នុងស្រុកសូទ្រនិគមន៍ និងស្រុកជីងក្រែង ខេត្តសៀមរាប ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ខណៈក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពុងបន្តសម្រុកសង្គ្រោះផ្ទៃដីដែលនៅសេសសល់


គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាប ផ្ទៃដីដំណាំស្រូវប្រាំងរបស់កសិករដែលរងផលប៉ះពាល់ដោយសារខ្វះទឹក សរុបមានប្រមាណ ១.៧០០ ហត នៅក្នុងស្រុកសូទ្រនិគមន៍ និងស្រុកជីក្រែង ។ តាមរយៈការអន្តរាគមន៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាប់តាំងពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩ មកដល់ពេលនេះ ផ្ទៃដីប្រមាណ ១.០៥០ ហត ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ក្នុងនោះ ៖
១. ស្រុកសូទ្រនិគមន៍ សង្គ្រោះបានប្រមាណ ៤០០ ហត លើផ្ទៃដីប៉ះពាល់សរុបប្រមាណ ៧០០ ហត ។ ការអន្តរាគមន៍នៅក្នុងស្រុកសូទ្រនិគមន៍ គឺមន្ទីរប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០២ គ្រឿង និងម៉ាស៊ីនបូមទឹកធុនតូច ចំនួន ០៥ គ្រឿង ដោយយកប្រភពទឹកពីព្រែកកំពង់ឃ្លាំង ។
២. ស្រុកជីក្រែង សង្គ្រោះបានប្រមាណ ៦៥០ ហត លើផ្ទៃដីប៉ះពាល់សរុបប្រមាណ ១.០០០ ហត ។ ការអន្តរាគមន៍នៅក្នុងស្រុកជីក្រែង គឺមន្ទីរប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនតូច សរុបចំនួន ២០ គ្រឿង ដោយយកប្រភពទឹកពីបឹងទន្លេសាប ។