ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ចុះប្រគល់ផ្ទះ២ខ្នងដល់អតីតយុទ្ធជន នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល


(កណ្ដាល)៖ ឯកឧត្តម គន់​ គីម​ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះទៅប្រគល់ផ្ទះចំនួន២ខ្នង​ ដែលជាអំណោយ​​របស់​សម្តេច​តេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់លោក​ យឺន​ ធី​ ជាយោធិនពិការ និងលោក​ អ៊ុន​ ប៊ុនធីម​ ជា​និវត្តន៍ជន នៅភូមិព្រៃចាស់​ ឃុំវិហារសួគ៌​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ​បានបញ្ជាក់ថា ដោយការគិតគូរខ្ពស់របស់​​សម្តេចតេជោ​ ហ៊ុន សែន ដែលជានិច្ច​ជាកាល​សម្តេចតែងយកចិត្តទុកដាក់ ដល់បងប្អូន​អតីត​យុទ្ធជន​យើង ​ដូចជាការផ្តល់ប័ណ្ណបេឡាសន្តិសុខសង្គម​សម្រាប់ការព្យាបាលជំងឺ ដោយមិនបង់ប្រាក់នៅតាមមន្ទឺរពេទ្យ​, ការតម្លើងប្រាក់ខែជូន​ ​និងជាក់ស្ដែង​កាលពីខែមុន សម្តេច​បានឲ្យឯកឧត្តម ​ចុះមកមើលការ​សាងសង់ផ្ទះទាំងពីរនេះ។

​ដោយឡែក​ថ្ងៃ​នេះ​ ឯកឧត្តមទេសរដ្ឋមន្ដ្រី ​មកម្តងទៀតដើម្បីប្រគល់ផ្ទះទាំងពីរនេះ ជូនបងប្អូន​អតីតយុទ្ធជន ក្រោយពីបានសាងសង់រួច។ បន្ថែមពីនេះ  ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ក៏​បាន​ផ្តាំ​ផ្ញើឲ្យថ្នាក់​ដឹក​នាំ​ សមាគមស្រុក​ ខេត្ត​ ត្រូវបន្តខិតខំ​ស្រាវជ្រាវ​រកសមាជិកដែលមានជីវភាពលំបាក​ អត់ផ្ទះ​ ឬ​ផ្ទះមិន​សមរម្យ​ដើម្បី ដោះស្រាយជូនពួកគាត់បន្តទៀត។​

ជាមួយគ្នានេះ លោក​ យិន​ ធី​ និងលោក​ អ៊ុន​ ប៊ុនធីម​ ព្រមទាំងគ្រួសារ​​ ​បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចតេជោ​ ហ៊ុន សែន និងជាប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំង​ជីវភាពរស់នៅ​​ទាំងសុខភាព​ ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់​ និង​សូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ​ក្នុង​ឆ្នាំ​ថ្មីខាងមុខនេះ សូមឲ្យបានសុខសប្បាយ​ សិរីសួស្តីជ័យមង្គលវិបុលសុខ​ និង​បន្តដឹកនាំប្រទេសកម្ពុជា​ ជារៀងរហូត៕