សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមានចាត់ការផ្លូវច្បាប់ ដើម្បីការពារកេរ្តិ៍ឈ្មោះអង្ករកម្ពុជា


rice-plastic-27-10-16-2-copy

     សហព័ន្ធស្រូវអង្ករកម្ពុជាបានព្រមានថា នឹងប្រើប្រាស់វិធានការណ៍ផ្លូវច្បាប់ ក្នុងបញ្ហាការពារកេរ្តិ៍ឈ្មោះស្រូវអង្ករកម្ពុជា គ្រាដែលជនអនាមិកក្នុងហ្វេសប៊ុក បានបង្កើនការសរសេររឿងអង្ករផ្លាស្ទីកនាំចូលពីវៀតណាម។

     សហព័ន្ធស្រូវអង្ករកម្ពុជា គឺជាក្រុមហ៊ុនធំជាងគេបំផុត នៃការនាំអង្ករខ្មែរចេញទៅលក់ក្រៅស្រុក។ ការព្រមានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានធ្វើតាមសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៦ ខែតុលានេះ ក្រោយការបង្ហោះតាមបណ្តាញហ្វេសប៊ុក នូវរឿងអង្ករផ្លាស្ទីកដែលនាំចូលពីវៀតណាមនោះ បានធ្វើអោយប្រជាពលរដ្ឋមួយចំនួនបានរងនឹងការភ័យខ្លាច។

     សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ ខែតុលានេះ បានសរសេរថា «ដើម្បីធានានូវ កេរ្តិ៍ឈ្មោះអង្ករកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា នឹងសហការគ្នាជាមួយនឹងកាំកុងត្រូល ដើម្បីជម្រុញការដោះ ស្រាយបញ្ហានេះតាមផ្លូវច្បាប់ រវាងអ្នកដែលអះអាងពីអង្ករផ្លាស្ទីកជាមួយភាគីពាក់ព័ន្ធទាំងអស់ ដោយមានកិច្ចសហការពីអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីវិនិច្ឆ័យលើករណីទាំងនេះ និងស្វែងរកការទទួលខុសត្រូវមួយតាមផ្លូវច្បាប់។

     រហូតមកទល់ពេលនេះ ព័ត៌មានដែលនិយាយអំពីអង្ករផ្លាស្ទីកត្រូវគេឃើញ ថាមានបង្ហោះត្រឹមតែហ្វេសប៊ុក ដែលបង្កការភ័យខ្លាចដល់ប្រជាជនតែប៉ុណ្ណោះ ប៉ុន្តែរូបភាពជាក់ស្តែងដាក់លក់លើទីផ្សារនៅមិនទាន់បានឃើញនៅឡើយទេ។ ក្នុងសប្តាហ៍នេះ នៅក្នុងខេត្តបាត់ដំបង សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ដែលជាអ្នកសង្កេតការណ៍បោះឆ្នោត បានរងការព្រមានពីមន្ត្រីកាំកុងត្រូល ក្រោយការនិយាយដោយគ្មានភស្តុតាង បំប៉ោងព័ត៌មានអំពីអង្ករផ្លាស្ទីកនាំចូលមកពីវៀតណាម។

     សកម្មជនឈ្មោះ ឌុច សាវុធ កំពុងរងនឹងការប្តឹងពីម្ចាស់លក់អង្ករតាមស្តង់ថែមទៀត ដោយសារតែបាននិយាយបង្ខូចឈ្មោះស្តង់អង្កររបស់គាត់ថាបានលក់អង្ករផ្លាស្ទីក។