ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដី ចុះបំពេញការងារក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង


ថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី ២៥ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដី ចុះបំពេញការងារក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ។ បេសកកម្មនេះ គឺចុះធ្វើការត្រួតពិនិត្យ និងជម្រុញការងារក្នុងតំបន់ការដ្ឋានសំណង់សិរីមង្គល ស្ថិតក្នុងឃុំគយមែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ព្រមពេលជាមួយគ្នានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអញ្ជើញចុះពិនិត្យអំពីតម្រូវការចាំបាច់មួយចំនួនបន្ថែមទៀត របស់បងប្អូនអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសហគមន៏កសិករប្រើប្រាស់ទឹក ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រៃខ្ពស់ ដែលស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ជូនថា ការដ្ឋានសំណង់សិរីមង្គល ដែលជាសំណង់ចុងក្រោយបំផុត បន្ទាប់ពីបណ្តាសំណង់ទី១ ក្នុងតំបន់អូរដូនតា នៃតំបន់ខ្ពង់រាបប៉ៃលិន ខេត្តប៉ៃលិន សំណង់ទី២ក្នុងតំបន់អូរដូនពៅ ក្នុងខេត្តបាត់ដំបង សំណង់សិរីមង្គលខាងលើនេះ គឺមានតួនាទីដ៏សំខាន់ក្នុងការស្ទាក់ទឹក ចាប់ទឹក ខ្ចប់ទឹក និងធ្វើការបញ្ជាទឹក បញ្ជៀសការលិចលង់នៅរដូវវស្សាក្នុងខេត្តបន្ទាយមានជ័យ ។

ដើម្បីកសាងសំណង់យុទ្ធសាស្រ្តមួយនេះឡើង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការដឹកនាំសិក្សាដោយល្អិតល្អន់ផ្ទាល់ ។ សំណង់នេះជាចំណុចប្រសព្វរវាងស្ទឹងបវេល (មង្គលបូរី) ស្ទឹងសេរីសោភ័ណ និងស្ទឹងស្វាយចេក ។ សំណង់នេះធ្វើការបំពេញឲ្យគ្នាលើស្ទឹងទាំងអស់ខាងលើ ក្លាយទៅជាទឹករស់បម្រើឲ្យការស្រោចស្រពលើផ្ទៃដីរាប់មុឺនហិកតា ក្នុងស្រុកបវេល ខេត្តបាត់ដំបង ស្រុកមង្គលបូរី ស្រុកប្រនេតព្រះ និងក្រុងសិរីសោភ័ណ របស់ខេត្តបន្ទាយមានជ័យ ហើយបានជាទឹកប្រើប្រាស់ជាប្រចាំសម្រាប់មនុស្ស និងសត្វ និងបម្រើឲ្យវិស័យអេកូទេសចរទៀតផង ។