ឯកឧត្តម វេង សាខុន និងសហការីបានអញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើរបស់លោក ខូយ ឈីន


នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ខែមករា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានអញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើរបស់លោក ខូយ ឈីន ដែលមានទីតាំងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

មកទល់បច្ចុប្បន្ន កសិដ្ឋានបានដំណើរការមកជាង២០ឆ្នាំហើយ សព្វថ្ងៃកសិដ្ឋានមានមេ-បា ចំនួន១២០០ ក្បាល និងជំទង់ចំនួន ៣២០០ក្បាល ចិញ្ចឹមលើផ្ទៃដី ១៦០០០ម៉ែត្រការ៉េ ដោយបែងចែកជាអាងមេ-បា ពូជ កូន និងក្រពើជំទង់។ ទីផ្សារបច្ចុប្បន្នកូនក្រពើ ១ក្បាលថ្លៃ១៥-២០ដុល្លារ ចិញ្ចឹមបានអាយុ ៣ឆ្នាំតម្លៃ ៥-៦ដុល្លារ/kg ហើយជាបច្ចេកទេសក្រពើមានអាយុ ៣ឆ្នាំ ទើបស្បែករបស់វាមានគុណភាពល្អត្រូវតាមស្តង់ដារទីផ្សារនាំចេញ។ លោក ខូយ ឈីន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ទីផ្សារកូនក្រពើគឺប្រទេសវៀតណាម និងថៃ ហើយបច្ចុប្បន្នកម្ពុជាបាននាំចេញកូនក្រពើប្រមាណ ៣២ម៉ឺនក្បាលក្នុង១ឆ្នាំ ដោយឡែកកសិដ្ឋាននេះអាចនាំចេញបាន ១-១,៥ ម៉ឺនក្បាល។ ជាមធ្យមក្នុង ១ឆ្នាំកសិដ្ឋានអាចរកបានចំណូលពី១៥-២០ ម៉ឺនដុល្លារ ។

បន្ទាប់ពីបានពិនិត្យកសិដ្ឋានរួចហើយ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យកសិដ្ឋានសហការជាមួយរដ្ឋបាលជលផលដើម្បីអនុវត្តការងារបច្ចេកទេសបន្ថែម ច្បាប់ ការងារសាយតេស្ត និងទីផ្សារធ្វើយ៉ាងណាជំរុញទីផ្សារក្រពើកម្ពុជាដែលមានសក្តារនុពលខាងសេដ្ឋកិច្ចឱ្យបានទូលំទូលាយ ពិសេសទីផ្សារចិន។ ម៉្យាងវិញទៀត គួរខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពទាំងការងារផលិតកម្ម និងកែច្នៃ ប្រសើរជាងនាំចេញកូន និងមេ-បាពូជ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារជូនដល់ពលរដ្ឋនៅមូលដ្ឋាន ហើយគួរសិក្សាពីលទ្ធភាពចិញ្ចឹមបង្កងដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារខេត្តសៀមរាប។