ឯកឧត្តម អម សុភា បានជម្រុញអោយម្ចាស់ភោជនីយ៍ដ្ឋានក្នុងខេត្តបង្កើនអនាម័យនិងសុវត្ថិភាពចំណីអាហារ ត្រៀមផ្តល់សេវាដល់អតិថិជនក្នុងឱកាសបុណ្យទន្លេខាងមុខ


កំពង់ឆ្នាំងៈ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានជម្រុញ ម្ចាស់អាហារដ្ឋានភោជនីយ៍ដ្ឋានដែលអ្នកប្រកបរបលក់ម្ហូបអាហារត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះការងារអនាម័យសុវត្ថិភាពចំណីអាហាររបស់ខ្លួន ដើម្បីត្រៀមបម្រើសេវាជូនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដែលនឹងមកលេងនៅខេត្តកំពង់ឆ្នាំង នាឱកាសបុណ្យទន្លេនាពេលដ៍ខ្លីខាងមុខនេះ ។

ឯកឧត្តមបានជម្រុញបែបនេះក្នុងឱកាសដែល ឯកឧត្តមបានអញ្ជើញជួបជាមួយគ្រូពេទ្យ និង ម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋានចំនួន១០០នាក់ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ។

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍បន្តថា ក្នុងអំឡុងខែមិនា ឆ្នាំ២០១៩ខាងមុខ ខេត្តកំពង់ឆ្នាំង នឹងធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេ លើកទី៥ ហើយនិងមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាច្រើនមកលេងកំសាន្ត តម្រូវការច្រើន ពិសេសការបរិភោគម្ហូបអាហារ នៅតាមអាហារដ្ឋាន ភោជនីយ៍ដ្ឋាន នានាក្នុងខេត្ត ដូចនេះដើម្បីធានាបាននូវការទាក់ទាញម្ចាស់ហាងទាំងអស់ត្រូវតែបង្កើនគុណភាពអនាម័យ បរិស្ថានរបស់ហាង ធ្វើយ៉ាងណាអោយមានទំនុកចិត្ត១០០ភាគរយពីអតិថិជន ។

ឯកឧត្តអម សុភា បានមានប្រសាសន៍បន្តទៀតថា ម្ចាស់អាហារដ្ឋាន និងភោជនីយ៍ដ្ឋានទាំងអស់ ត្រូវធ្វើអោយបាននូវ អនាម័យចំណីអាហារ និងគោល
ការណ៍អនុវត្ដន៍ល្អ ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្ដពង្រឹងសមត្ថភាព លើគុណភាព អនាម័យ និងបំពេញកាតព្វកិច្ចជាអាជីវករមួយដ៏ត្រឹមត្រូវ ដើម្បីក្លាយជាភោជនីយ៍ដ្ឋានស្ដង់ដាមួយ ដែលផ្ដល់ទំនុកចិត្ដ និងទទួលបានកិត្ដិយស ពីអតិថិជនជាភ្ញៀវជាតិ និងអន្ដរជាតិ ។

លោកម៉ម ម៉ាល័យ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ព្រោះតែការបិរភោគចំណីអាហារខ្វះអនាម័យ មន្រ្តីនៃមន្ទីរសុខភិបាលបានចុះធ្វើការណែនាំ ផ្សព្វផ្សាយនូវ ចំណុចមួយចំនួន ដើម្បីបង្ការបញ្ហានេះ ។ ចំណុចទាំងអស់នោះរួមមាន ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច បន្ថែមពីនេះ ចុងភៅត្រូវលាងបន្លែ ផ្លែឈើឲ្យបានស្អាតមុនពេលដាក់ឲ្យបរិភោគ ។ ត្រូវសម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត និងអាហារសមុទ្រ លើសពីនេះ ត្រូវទុកអាហារឆ្អិន និងអហារឆៅដាច់ដោយឡែកពីគ្នា។