រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិនទស្សនកិច្ចរមណីយដ្ឋានអង្គរ


រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Luo Shu Gang បានមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលអមដំណើរដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតនោះ ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូទាំងអស់ បានធ្វើទស្សនកិច្ចទៅកាន់ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ពិសេសទៅកាន់ប្រាសាទដែលស្ថិតក្នុងគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន ហៅកាត់ថា CSA។

គណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Luo Shu Gang បានអញ្ជើញទៅទស្សនកិច្ចនៅប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ដែលប្រាសាទទាំងពីរនេះត្រូវបានជួសជុលក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន។ ក្រៅពីទស្សនកិច្ចស្វែងយល់ពីការជួសជុលនៅប្រាសាទទាំងពីរខាងលើ ឯកឧត្តម Luo Shu Gang និងគណៈប្រតិភូក៏បានទៅទស្សនាប្រាសាទបាយ័ន្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី និងប្រាសាទភ្នំបាខែង ដែលជាគោលដៅបញ្ចប់ដំណើរទស្សនកិច្ចក្នុងខេត្តសៀមរាប។

ក្នុងដំណើរទស្សនកិច្ចខាងលើនេះ ឯកឧត្តម Luo Shu Gang បានចាប់អារម្មណ៍ខ្លាំងទៅនឹងសំណង់ប្រាសាទបុរាណខ្មែរ ដែលមានក្បូរក្បាច់ចម្លាក់រចនាល្អឥតខ្ចោះ ស័ក្ដិសមជាសម្បតិ្តបេតិកភណ្ឌពិភពលោក។ ទាក់ទងនឹងការងារអភិរក្ស និងជួសជុលប្រាសាទវិញ ឯកឧត្តមបានសម្តែងការវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញនៃប្រទេសទាំងពីរ និងបញ្ជាក់ថាប្រទេសចិនមានកិត្តិយសធំធេងណាស់ដែលបានចូលរួមចំណែកលើការងារជួសជុលនិងអភិរក្សប្រាសាទនៅរមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នឹងបន្តដំណើរទស្សនកិច្ចទៅកាន់រាជធានីភ្នំពេញនៅថ្ងៃទី២៩ ដើម្បីជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងនោះដែរ ឯកឧត្តមគ្រោងនឹងចូលរួមជាអធិបតីភាពក្នុងទិវាឆ្នាំទេសចរណ៍ និងវប្បធម៌ចិន-កម្ពុជាដំបូង ដែលធ្វើឡើងនៅសាលចតុមុខ មុននឹងធ្វើដំណើរត្រឡប់ទៅប្រទេសមាតុភូមិវិញ៕