អភិបាលខេត្តស្ទឹងត្រែង បានញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាស្តីពីការងារត្រួតពិនិត្យគ្រឿងញៀនទិសឦសាន និងការអនុវត្តផែនការភូមិសគ្មានគ្រឿងញៀន


នាព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពីការងារត្រួតពិនិត្យគ្រឿងញៀនទិសឦសាន និងការអនុវត្តផែនការភូមិសគ្មានគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ជាអនុប្រធាន សមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀននៃបណ្តាខេត្តជាប់ព្រំដែន ស្រុក ឃុំ សង្កាត់ ភូមិអនុវត្តផែនការភូមិ-ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន និងតំណាងភាគីមិត្ត ថៃ វៀតណាម ឡាវ ចូលរួម សរុបចំនួន២៥០នាក់។

ក្នុងឱកាសនោះដែរឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាផ្តល់នូវសារៈសំខាន់ដោយបានបង្ហាញនូវលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ជាពិសេស គឺការអនុវត្តផែនការភូមិ-ឃុំ សង្កាត់ សគ្មានគ្រឿងញៀន ដើម្បីបន្តពង្រឹងឲ្យកាន់តែរឹងមាំ និងសកម្មបន្ថែមទៀតក្នុងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ខេត្តនៅទិសឦសាននៃព្រះរាជាណាចក្រកម្ពុជា។