ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការហ្វ្រេន្សអ៊ីនធើណាសិនណល


រសៀលថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាបមានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការហ្វ្រេន្សអ៊ីនធើណាសិនណល ដែលដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក សេបាស្យៀន ម៉ារ៉ូ នាយកប្រតិបត្តិអង្គការហ្វ្រេន អ៊ីនធើណាសិនណល ប្រចាំប្រទេសកម្ពុជា និងមានការអញ្ជើញចូលរួមពី លោក នាយករងរដ្ឋបាល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកស្រីអភិបាលរងក្រុងសៀមរាប លោកនាយទីចាត់ការផែនការវិនិយោគ លោកនាយករងទីចាត់ការអន្តរវិស័យ លោកស្រីនាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងាររបស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះ គឺដើម្បីអោយរដ្ឋបាលខេត្តសៀមរាប និងអង្គការហ្វ្រេនអ៊ីនធើណាសិនណល សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការធ្វើផែនការ ការអនុវត្ត និងការត្រួតពិនិត្យ កម្មវិធីកល្យាលមិត្ត និងធ្វើសមាហរណកម្មកុមារ និងយុវវ័យ(ចាប់ពីអាយុ០ ដល់ ២៤ឆ្នាំ) ដែលរស់នៅតាមចិញ្ចើមផ្លូវ ទៅក្នុងសង្គមឡើងវិញ និងធ្វើការការពារកុមារ ដែលរស់នៅ និងធ្វើការនៅតាមចិញ្ចើមថ្នល់ ដោយការផ្តល់ទីជំរក ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការការពារសរុវត្ថិភាពកុមារ កិច្ចគាំពារ ការធ្វើសមារណកម្មទៅកាន់សាលារៀនឡើងវិញ និងសមារណកម្មទៅកាន់គ្រួសារឡើងវិញ៕