អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៦បន្ទប់ដែលជាអំណោយរបស់មូលនិធិត្រែលប្លេសឺ-សហរដ្ឋអាមេរិក ជូនដល់សាលាបឋមសិក្សាបេង ស្រុកអង្គរជុំ


កាលពីព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៩ នៅស្រុកអង្គរជុំមានរៀបចំ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នងមាន៦បន្ទប់ ធ្វើ អំពីថ្ម ប្រកក្បឿង ជាអំណោយរបស់មូលនិធិត្រែលប្លេសឺ-សហរដ្ឋ អាមេរិក ជូនដល់សាលាបឋមសិក្សាបេង ស្ថិតនៅភូមិបេង ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណ តំណាងអង្គការអ្នកត្រួសត្រាយអង្គរ និង មូលនិធិត្រែលប្លេសឺ-សហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា សំខាន់នៅតាមបណ្តាមូលដ្ឋានក្នុងខេត្តសៀមរាប ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុក ដាក់ខ្ពស់ ចំពោះការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការឆ្លើយតបវឌ្ឍនភាពនៃប្រទេសជាតិ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ គឺជាការពង្រីកបន្ថែមនូវថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ។

ក្នុងនោះឯកឧត្តម ក៏សូមឲ្យលោកគ្រូ អ្នកគ្រូ ត្រូវថែរក្សាអគារសិក្សានេះឲ្យបានគង់ វង្ស ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋានផងដែរ ។ បច្ចុប្បន្ន យើងកសាងប្រព័ន្ធអប់រំមួយមានលក្ខណៈពេញលេញ ដែលអាចឆ្លើយតបបាននឹងតម្រូវការ នៃទីផ្សារពលកម្ម ដែលជាលទ្ធផលកើតពេញពីការគិតគូរត្រូវ លើគោលនយោបាយបើកទូលាយការស្វាគមន៍ ចំពោះការវិនិយោគ នៃវិស័យឯកជន ដើម្បីបំពេញបន្ថែមក្នុងការអភិវឌ្ឍវិស័យអប់រំនេះ ។ ឯកឧត្តមអភិបាលខេត្តក៏មានសង្ឃឹមជឿជាក់ថា លោកស្រីតំណាងអង្គការ និងមូលនិធិត្រែលប្លេសឺ-សហរដ្ឋអាមេរិក នឹងនៅតែបន្តក្នុងការចូលរួមអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធលើវិស័យអប់រំនៅខេត្តសៀមរាបទៀតផង៕