ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជំរុញឱ្យកងកម្លាំងប្រដាប់អាវុធទប់ស្កាត់ការប៉ុនប៉ងបង្កើតបដិវត្តពណ៌ និងការជ្រៀតជ្រែកផ្ទៃក្នុង


(កំពត)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមជានិច្ច ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព សន្តិសុខជូនប្រជាជនគ្រប់ពេលទាំងអស់។ ជាមួយគ្នានេះ លោកបានជំរុញឱ្យទប់ស្កាត់ការប៉ុនប៉ងបង្កើតបដិវត្តពណ៌ និងការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញព្រំដែនគោកប្រចាំឆ្នាំ២០១៩ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សមិទ្ធផលនានាក្នុងតំបន់ប្រតិបត្តិការសឹករងកំពត នាថ្ងៃសៅរ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩​។

មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ខណៈពេលដែលប្រជាពលរដ្ឋមានសុខសន្តិភាពមានភាពសប្បាយរីករាយ ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធត្រូវត្រៀមជានិច្ច ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព សន្តិសុខជូនប្រជាជនគ្រប់ពេលទាំងអស់។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងសេចក្តីសុខ និងស្មារតីឯកភាពជាតិ ការធានាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម គឺជាកិច្ចការដែលសំខាន់ដែលត្រូវយកចិត្តទុកដាក់ទាំងកត្តាខាងក្រៅផង និងកត្តាខាងក្នុងផង។ ជាពិសេសឥទ្ធិពល នៃការវិវត្តន៍របស់សភាពការណ៍សន្តិសុខពិភពលោក និងតំបន់ ក៏ដូចជាការចិញ្ចឹមចិត្តផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់តាមគ្រប់រូបភាពជាពិសេសចលនាបដិវត្តពណ៌ និងការប៉ុនប៉ងរបស់បរទេសក្នុងការជ្រៀតជ្រែកផ្ទៃក្នុងតាមគ្រប់រូបភាព។ តាមរយៈការជ្រៀតជែ្រកផ្ទៃក្នុងរបស់បរទេស ប្រវត្តិសាស្ត្របានផ្ដល់មេរៀនជាច្រើនដែលត្រូវចងចាំ គឺប្រទេសកម្ពុជាតែងតែធ្លាក់នៅក្នុងវិបត្តិមហន្តរាយដ៏គ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាជនដែលនាំទៅដល់សោកនាដកម្មអាក្រក់និងសាហាវយង់ឃ្នងបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ»។

បើតាម ឯកឧត្តមឧត្តមសេនីយ៍, កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ ថែរក្សាសុខសន្តិភាព និងសេចក្តីសុខសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថាបើមានអសន្តិសុខហើយ មានច្បាំងគ្នាហើយ ប្រទេសហែកគ្នាហើយ ប្រជាពលរដ្ឋមើលមុខគ្នាមិនត្រូវហើយ ហ្នឹងហើយគឺជាអសន្តិសុខ គ្មានសេចក្តីសុខនៅក្នុងចិត្តសម្រាប់កាយរបស់យើង។ នេះគឺជាអ្វីដែលយើងត្រូវចងចាំទាំងអស់គ្នាហើយកងកម្លាំងទាំងអស់ត្រូវអោយច្បាស់នឹងពាក្យសន្តិភាព។ សេចក្តីសុខប្រទេសរបស់យើងមិនត្រឹមតែជាសេចក្តីសុខរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាសេចក្តីសុខប្រទេសនៅក្នុងតំបន់ និងភាគីមិត្តទាំងអស់។ ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវចងចាំតួនាទីនិងភារកិច្ចត្រូវតែស្មោះត្រង់ដាច់ខាត និងការជាតិសាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីប្រជាពលរដ្ឋ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តថា អ្នកនយោបាយខ្លះបានប្រៀបធៀបកម្ពុជាទៅនឹងប្រទេស Venezuela។ ប៉ុន្តែសូមកុំភ្លេចថាតួអង្គនេះ មិនដែលជួយអ្វីដល់ស្រុកខ្មែរនោះទេ ក្រៅពីបំផ្លិចបំផ្លាញក្រៅពីញុះញង់ ដើម្បីអំណាចផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋកំពុងតែមានសេចក្តីសុខ ដឹកនាំធ្វើបាតុកម្ម តាមរោងចក្រ តាមបន្ទាត់ព្រំដែន ដើរបំផុសចលនាអោយបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើបាបប្រជាជនខ្លួនឯង។ ហើយលើកនេះដើរបំផុសចលនាដល់កងកម្លាំង។ បើចង់ឈ្នះខំប្រឹងទៅ ខិតខំបម្រើប្រជាពលរដ្ឋ កុំដើរអុជអាលប្រជាពលរដ្ឋ កងកម្លាំងប្រដាប់វុធបំផ្លាញប្រទេសខ្លួនឯង ដើម្បីមហិច្ឆតានយោបាយខ្លួនឯង ហើយអាងតែខ្លួនឯងមានលិខិតឆ្លងដែនបរទេសងាយស្រួលទៅនៅបរទេសទុកឱ្យប្រទេសវេទនា ប្រជាជននៅវេទនាហើយខ្លួនឯងរត់ទៅក្រៅនោះកុំសង្ឃឹម។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជឿថា អតីតយុទ្ធជនទាំងអស់មិនចង់ឲ្យប្រទេស និងកូនចៅរបស់ខ្លួនវេទនា ដោយសារ សង្រ្គាមដូចអតីតកាលនោះទេ គឺចង់ឲ្យកូនចៅជំនាន់ក្រោយមានសេចក្តីសុខ។ កម្លាំងប្រដាប់អាវុធក៏ដូចគ្នា យើងត្រៀមការពារជាតិ គឺមិនឲ្យប្រទេសធ្លាក់ទៅក្នុងសង្គ្រាមខ្មែរនិងខ្មែរឡើយ។ កងកម្លាំងប្រដាប់អាវុធត្រូវបន្តអនុវត្តផែនការយុទ្ធសាស្រ្តរួមមានកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាពិសេស គោលនយោបាយលើវិស័យការពារជាតិ ផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងគោលការណ៍១០ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅខួបទី២០ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ គោរព បទបញ្ជាបទវិន័យ លក្ខន្តិកៈ ច្បាប់រដ្ឋ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនបង្កើនសមត្ថភាព បង្កើនការងារអប់រំចិត្តសាស្រ្ត យកចិត្តទុកដាក់ថែរក្សាអាវុធយុទ្ធភណ្ឌតាមលក្ខណៈបច្ចេកទេសនៅតាមច្បាប់រដ្ឋ បន្តកិច្ចសហការល្អជាមួយអាជ្ញាធរភាគីពាក់ព័ន្ធ និងជាមួយប្រជាពលរដ្ឋនៅក្នុងគោលដៅសាមគ្គីភាពជាតិ ទប់ស្កាត់នូវបទល្មើសទាន់ពេលវេលា លើកស្ទួយកំរិតជីវភាពប្រជាពលរដ្ឋ។ បន្តពង្រឹងពង្រីកកិច្ចសហការជាមួយនឹងប្រទេសជិតខាង៕