អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ គាំទ្រការប្តេជ្ញាចិត្តសម្តេចតេជោ ដែលធានាមិនឲ្យមានសង្គ្រាមជាថ្មី


(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញគាំទ្រការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រកាសធានាមិនឲ្យមានសង្គ្រាមជាថ្មី នៅលើដែនដីសុវណ្ណភូមិរបស់កម្ពុជាឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកថា ការប្តេជ្ញាចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាឧត្តមគតិជាតិពិត និងជាសេចក្តីចង់បានបំផុត របស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ការិយាល័យអ្នកនាំពាក្យ សូមសម្តែងនូវមោទនភាព និងសេចក្តីគោរពបំផុត ក្នុងកិច្ចប្ដេជ្ញាចិត្តរបស់សម្តេចតេជោ ដែលលោកបានលើកឡើងថា «នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្គ្រាម វិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្តេជ្ញាចិត្តជាថ្មី ក្នុងការធានារក្សាឲ្យបាននូវសុខសន្តិភាព ដែលកំពុងគ្រប់ដណ្តប់ទូទាំងផ្ទៃប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យសង្គ្រាម វិនាសកម្មបំផ្លាញប្រទេស បំផ្លាញក្តីសុខប្រជាពលរដ្ឋ កើតមានជាថ្មីនោះឡើយ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏សូមចូលរួមសម្តែងនូវអំណរសាទរ និងក្តីគោរពដ៏ជ្រាលជ្រៅបំផុតចំពោះ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានប្តេជ្ញាជាឱឡារឹក ក្នុងកិច្ចអនុវត្តន៍នូវកាតព្វកិច្ចរបស់ខ្លួន ក្នុងកាគាំទ្រ និងការពារប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ហើយអំណាចទាំងអស់ ជារបស់ប្រជាពលរដ្ឋ ដែលលោកបានអនុវត្តន៍សិទ្ធិរបស់ខ្លួនរួចមកហើយ តាមរយៈការបោះឆ្នោតសកស និងលទ្ធផលចេញពីប្រអប់ឆ្នោត កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៨ ក៏ដូចជាសេចក្តីរីករាយ សុខក្សេមក្សាន្តរបស់មហាជនទាំងមូល ដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន។

ការិយាល័យអ្នកនាំពាក្យ ក៏សូមថ្លែងអំណរគុណសារជាថ្មី គោរពជូនដល់ជនរួមជាតិទាំងអស់ ដែលបានជ្រើសយក សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈគណបក្សប្រជាជជនកម្ពុជា ជាទីទុកចិត្តលើសមត្ថភាពដឹកនាំ និងស្មោះត្រង់បំផុត របស់សម្តេចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងចូលរួមយ៉ាងក្លេវក្លាជាមួយ សម្តេចតេជោ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងរួមចំណែកកសាងប្រទេសជាតិ កាន់តែរីកចម្រើនទៅមុខទៀត សមដូចប្រសាសន៍សម្តេចតេជោ បានលើកឡើងថា «យើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង និងធ្វើពលិកម្មខ្លាំងណាស់ ហើយក៏គ្មាននរណានឹងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង»

ជាមួយគ្នានេះ ការិយាល័យអ្នកនាំពាក្យ សូមរំលឹកសារជាថ្មីថា សន្តិភាព ស្ថិរភាពនយោបាយ នីត្យានុកូលភាព ប្រក្រតីភាព សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារ និងធានាដែលមិនអនុញ្ញាតឱ្យបុគ្គល ឬក្រុមណា បៀតបៀនបានឡើយ៕