រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងគ្រោងកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ទាំងរថភ្លើងលើអាកាស Smart City និងកំពង់ផែលំដាប់អន្តរជាតិ។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុលបានបើកកិច្ចប្រជុំអន្តរក្រសួង និងជាមួយដៃគូអភិវឌ្ឍន៍នានានៅរសៀលថ្ងៃទី៧ កុម្ភៈនេះបានឲ្យដឹងថា រដ្ឋាភិបាលនឹងសាងសង់ផ្លូវរថភ្លើងលើអាកាស(AGT) ប្រព័ន្ធដឹកជញ្ជូនដោយប្រើផ្លូវដែក(Tramways) និងគម្រោងសាកល្បងស្មាតស៊ីធីដែលប្រកបដោយ បរិស្ថានស្រស់ស្អាត និងផាសុកភាព និងគម្រោងសាងសង់ផែកុងតេន័រថ្មីមួយប្រវែង៣៥០ម៉ែត្រ និងជម្រៅ១៤,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យប្រភេទនាវាធំៗ៩៣ភាគរយលើពិភពលោកអាចប្រើប្រាស់សេវាកំពង់ផែនេះបាន ពេលសាងសង់ចប់។
ឯកឧត្តមបានគូសបញ្ជាក់ពីគម្រោងសម្រេចបាន និងកំពុងបន្តសំខាន់ៗដែលរួមមាន ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ យុទ្ធនាការជិះកង់មើលផ្លូវ គម្រោងពង្រីកនិងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ពីខេត្តសៀមរាបទៅប៉ោយប៉ែត ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ៥៥ពោធិ៍សាត់ទៅថ្មដា ផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្លូវពីបាត់ដំបង ទៅកោះកុងប្រវែង១៩៧គីឡូម៉ែត្រ ដែលគ្រោងបើកការដ្ឋាននៅឆ្នាំនេះ។
ឯកឧត្តមបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា”។
កិច្ចប្រជុំនេះ រៀបចំឡើងមានគោលបំណង លើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព កិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មាន ដោយមានការចូលរួមធ្វើបទបង្ហាញ ពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីភ្នាក់ងារJICA និងតំណាងដៃគូ អភិវឌ្ឍន៍នានា។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យដៃគូអភិវឌ្ឍន៍ធ្វើការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការបង្កើតផែនការយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ និងអត់ពាក់មួកសុវត្ថិភាព និងបានស្នើឱ្យបរិច្ចាគមួកសុវត្ថិភាព ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕