លោកជំទាវ ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅលើទឹកដីខេត្តសៀមរាប


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោកជំទាវភរិយាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញថ្វាយគ្រឿងសក្ការៈ បួងសួងដល់បព្រះវិសណ្ណុ ព្រះម៉ែលក្ស្មី និងព្រះម៉ែមហាទេវី នៅស្ថិតក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដិនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រឹកថ្ងៃព្រហស្បត្តិ៍ ៣កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ ។

ពិធីបួងសួងនេះផងដែរគឺធ្វើឡើងដើម្បីឧទ្ទិសថ្វាយបុណ្យកុសល ក៏ដូចជាការដឹងគុណ ជូនដល់ដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនក្នុងអតីតកាល ជាពិសេស បុព្វមហាបុរសខ្មែរនាសម័យមហានគរ ទេវតា ដែលថែរក្សាវត្ថុសក្តិសិទ្ធិ ទាំងអស់ មាតា បិតា និងញាតិធម៌ក្នុងវដ្តសង្សារ ក៏ដូចជាការពង្រឹងសាមគ្គីភាព និងសាបព្រោះនូវវប្បធម៌សន្តិភាពនៅក្នុងរង្វង់មហាគ្រួសារខ្មែរ និងពិភពលោក។

លោកជំទាវក៏បានឧទ្ទិសបួងសួងថ្វាយជូនព្រះបារមីដ៏ស័ក្តិសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រ អង្គរ ក៏ដូចនៅក្នុងកម្ពុជរដ្ឋទាំងមូល ព្រមទាំងបារមីព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក លោកតារាជ ព្រះអង្គតូច ព្រះអង្គធំ គង់នៅខ្នងភ្នំគូលែន និងបារមីអារុក្ខអារក្ស អ្នកតាគ្រប់ទិសទី និងទេវតាគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានានៅលើទឹកដីដ៏ស័ក្តិសិទ្ធិតាមជួយបីបាច់ ថែរក្សាឃុំគ្រង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋ ជួយឲ្យប្រទេសជាតិឲ្យមានតែសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក៏សូមឲ្យប្រទេសជាតិជៀងផុតពីគ្រោះរាំងស្ងួត និងជៀតផុតពីបាតុភូតិធម្មជាតិនានា ។

ជាទីបញ្ចប់លោកជំទាវក៏បានសំណេះសំណាល និងចែកទានដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះចំនួន ១៥០គ្រួសារផងដែរ ដោយក្នុងម្នាក់ៗទទួលបានក្រណាត់មួយដុំ និងថវិកាមួយចំនួន៕