គណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងរៀបចំដែនដី ថ្កោលទោសទណ្ឌិត សម រង្ស៉ី ក្រោយចែកចាយ លិខិតក្លែងក្លាយ ញុះញង់ឱ្យមានសង្រ្គាម


(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញមកទាត់ចោលនូវព័ត៌មានក្លែងក្លាយបំភ្លៃការពិត ដែលត្រូវបានចែកចាយដោយទណ្ឌិត សម រង្ស៊ី មេចលនាសង្គ្រោះជាតិ នៅលើបណ្តាញសង្គម Facebook ក្នុងគោលបំណងទុច្ចរិត ញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា បង្កអស្ថិរភាពនិងសន្តិសុខក្នុងសង្គម។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងរៀបចំដែនដី ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានច្បាប់របស់ទណ្ឌិត សម រង្ស៉ី ម្តងហើយម្តងទៀត ដើម្បីតែបំពេញមហិច្ឆិតា ក្នុងក្តីស្រមើស្រមៃរបស់ខ្លួន ដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយពុំអាចលើកលែងបាន។

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងរៀបចំដែនដី បានបញ្ជាក់ថា «យើងខ្ញុំសូមប្រកាសគាំទ្រជាឱឡារិក នូវគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី បានចែកចាយបន្តនូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដើម្បីញុះញង់ និងបំបែកបំពាក់គណបក្សប្រជាជនកម្ពុជា។

សេចក្តីថ្លែងការណ៍ក្លែងក្លាយនេះ បានវាយប្រហារទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានបំភ្លៃថា សមាជិកគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ទណ្ឌិត សម រង្ស៉ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងរៀបចំដែនដី៖