ឯកឧត្តមអ៊ាង សុផល្លែត បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍអាស៊ី


នាថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមអ៊ាង សុផល្លែត តំណាងឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍអាស៊ី ស្តីពីការរៀបចំយុទ្ធសាស្ត្រជាដៃគូសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ (ADB Country Partnership Strategy 2019-2023)។
លោកស្រី Sunniya Durrani-Jamal បានបញ្ជាក់ថា កិច្ចជំនួបនាពេលនេះ គឺធនាគារអភិវឌ្ឍន៍អាស៊ីចង់សិក្សាស្វែងយល់ពីគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានា ក្នុងវិស័យបរិស្ថាន ដើម្បី ADB អាចដាក់ចេញនូវយុទ្ធសាស្ត្រគាំទ្រសម្រាប់ការអនុវត្ត និងការស្វែងយល់បន្ថែមពីការសម្របសម្រួលការងារជាក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ យុទ្ធសាស្ត្រជាដៃគូសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ នឹងចែកចេញជា០៣ សសរស្តម្ភ ដែលសសរស្តម្ភទី១ ពាក់ព័ន្ធនឹងការងារក្នុងវិស័យបរិស្ថានលើ ការអភិវឌ្ឍន៍បៃតង (Green Growth) និងការប្រកួតប្រជែង (Competitiveness)។
ជាកិច្ច្លឆ្លើយតប ឯកឧត្តមអ៊ាង សុផល្លែតបានជម្រាបជូនលោកស្រី Sunniya Durrani-Jamal ពីភារកិច្ចស្នូលរបស់ក្រសួងបរិស្ថានលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព។ ពាក់ព័ន្ធការងារប្រែប្រួលអាកាសធាតុ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថានបានសហការជាមួយក្រសួង-ស្ថាប័នជំនាញនានា ក្នុងការអនុវត្តសកម្មភាពបន្ស៊ាំ និងកាត់បន្ថយការប៉ះពាល់គ្រប់រូបភាព។ ជាមួយនេះដែរ ក្រសួងបានយកចិត្តទុកដាក់ខ្លាំងលើការងារគ្រប់គ្រងសំណល់រឹង-រាវ ទីប្រជុំជន ជាពិសេសគឺការគ្រប់គ្រងសំណល់ប្លាស្ទិកជាដើម ដោយរិះរកនូវយន្តការសមស្របមួយក្នុងការកែច្នៃកាកសំណល់ទាំងនេះដែរ។
ឯកឧត្តមអ៊ាង សុផល្លែតក៏បានស្នើសុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ីពិនិត្យលទ្ធភាព លើគម្រោងមួយចំនួនដែលទទួលជោគជ័យ ដើម្បីធ្វើការពង្រីកសកម្មភាព និងបង្កើនវិសាលភាពទៅកាន់ខេត្តគោលដៅដទៃទៀត និងសូមឱ្យការវាយតម្លៃប្រសិទ្ធភាពគម្រោង គឺអាស្រ័យលើការពេញចិត្ត និងការទទួលយករបស់អ្នកទទួលផលនៅមូលដ្ឋាន។