អភិបាលខេត្តពោធិ៍សាត់ បន្តប្រើប្រាស់តួនាទីជាមេគ្រួសារ ចូលរួមដោះស្រាយទំនាស់ដីធ្លី និងជម្លោះតុងទីន ជូនប្រជាពលរដ្ឋនៅស្រុកតាលោសែនជ័យ និងស្រុកបាកាន


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសាលាឃុំតាលោ ស្ថិតក្នុងស្រុកតាលោសែនជ័យ បានប្រកាសនៅមុខប្រជាពលរដ្ឋ និងភាគីទំនាស់ទាំងអស់ថា ឯកឧត្តមនឹងទុកតួនាទីជាអភិបាលខេត្តនៅដោយឡែក ដើម្បីចូលរួមសម្របសម្រួលដោះស្រាយ បញ្ចប់បញ្ហាទំនាស់ដីធ្លី និងជម្លោះតុងទីន ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យ និងស្រុកបាកាន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត។

ឯកឧត្តមបានបញ្ជាក់ដូច្នេះថា «ការយល់យោគ អធ្យាស្រ័យ និងសន្តោសប្រណីគ្នាទៅវិញទៅមក ជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ ដូចច្នេះត្រូវចងចាំថា បើគ្រួសារបែកបាក់ គឺហាក់បីដូចជាហែកបង្វេចឲ្យចោរយ៉ាងអញ្ចឹង»។ ឯកឧត្តមបានបន្ថែមថា «អ្នកយកដីគេត្រូវឲ្យគេ អ្នកជំពាក់លុយគេ ត្រូវសងគេ បើទោះបីជាមានការលើសលោះយ៉ាងណាក្តី យើងត្រូវតែយោគយល់អធ្យាស្រ័យគ្នា និងមានគំនិតចូលរួមបញ្ចប់រឿងទាំងអស់គ្មា លុយយើងអាចរកបានទេ សំខាន់បំផុតគឺភាពយុត្តិធម៌»។

នៅក្នុងឱកាសនោះ ឯកឧត្តមបាន ឲ្យដឹងផងដែរថា នៅពេលខាងមុខ យើងនឹងមានស្រុកថ្មីមួយមានឈ្មោះថា «ស្រុកតាលោសែនជ័យ» ហើយស្រុកថ្មីនេះ គឺជាស្រុកគំរូដែលលេចធ្លោទូទាំងខេត្ត មានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឲ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែន ដោយមានអគាររដ្ឋបាល មានការិយាល័យនានាជុំវិញស្រុក មានពហុកីឡាដ្ឋាន មានកន្លែងច្រតព្រះនង្គ័ល មានកន្លែងប្រណាំងគោក្របី មានប្រព័ន្ធធារាស្ត្រ មានកន្លែងអុំទូកថ្នាក់ខេត្ត ហើយអ្វីៗគ្រប់យ៉ាងទាំងអស់នេះ គឺយើងធ្វើឡើងដើម្បីជាសុខទុក្ខពុកម៉ែប្រជាពលរដ្ឋរបស់យើង ដូច្នេះត្រូវដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

សម្រាប់យន្តការ ឈ្នះ-ឈ្មះ នៃការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុតរបស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសង្ខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានស្រុះស្រួលគ្នា ធ្វើកិច្ចសន្យាបញ្ចប់ទំនាស់ដីធ្លី និងជម្លោះតុងទីន ចាប់ពីពេលនេះតទៅ។

ប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ទាំងសង្ខាង បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់ឯកឧត្តមអភិបាលខេត្ត ដោយមិនគិតពីការនឿយហត់ បើទោះបីថ្ងៃនេះជាថ្ងៃឈប់សម្រាកយ៉ាងណាក្តី ក្នុងចំណាត់ការដោះស្រាយ ទំនាស់ដីធ្លី ក៏ដូចជាបញ្ហាទំនាស់ផ្សេងៗ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋបានសំណូមពរទៅដល់សម្តេចតេជោ ហ៊ុន សែន សូមរក្សាទុកឯកឧត្តម ម៉ៅ ធនិន បានដឹកនាំជាអភិបាលខេត្តពោធិ៍សាត់ជារៀងរហូត។

សូមបញ្ជាក់ថា ក្នុងកិច្ចដំណោះស្រាយបញ្ចប់ទំនាស់នាឱកាសនោះឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនអាហារសម្រន់រួមមានមី និងទឹកសុទ្ធ សម្រាប់ពិសាជួបជុំគ្នាក្នុងស្មារតីស្និទស្នាល ជាលក្ខណៈគ្រួសារ ព្រមទាំងបានប្រគល់ថវិកា និងសារុង ជូនដល់ស្ត្រីដែលសម្រាលកូន នៅមណ្ឌលសុខភាពតាលោ ទៅតាមទម្លាប់ផងដែរ៕