ឯកឧត្តម រុន តូ បានដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពប្រភពទឹកនៅទូទាំងខេត្តប៉ៃលិន


ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពប្រភពទឹកនៅទូទាំងខេត្តប៉ៃលិន រួមមាន ៖
– ចុះពិនិត្យទឹកក្នុងប្រព័ន្ធធារាសាស្ត្រទាំង២ របស់ខេត្ត គឺប្រព័ន្ធធារាសាស្ត្រថ្នល់បត់ និងប្រព័ន្ធធារាសាស្ត្រអូរដូនតា ។
– ចុះពិនិត្យទីតាំងត្រៀមផ្តល់នូវសំបកបាវជូនដល់ប្រជាកសិករទប់ទឹកតាមដងស្ទឹង និងអូរ ដើម្បីរក្សាទុកប្រើប្រាស់បណ្តោះអាសន្ន ។
– ចុះពិនិត្យទីតាំងមួយចំនួនសម្រាប់ត្រៀមគ្រឿងចក្រ ចុះជីកតាមជ្រលងអូរដែលអាចមានប្រភពទឹកជ្រាប យកទឹកជូនបងប្អូនប្រើប្រាស់ ។
– ចុះពិនិត្យទីតាំងត្រៀមដាក់ម៉ាស៊ីនបូមទឹក ដើម្បីអន្តរាគមន៍បូមទឹកជូនបងប្អូនប្រជាកសិករ ។

គួររំលឹកថា តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាយើងនឹងទទួលរង (ដោយប្រយោល) ពីឥទ្ធិពលបាតុភូត El Nino ដែលធ្វើឲ្យខេត្តមួយចំនួនប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ក្នុងនោះខេត្តប៉ៃលិនក៏អាចជួបនូវបញ្ហានេះផងដែរ ។