ការិយាល័យ អ្នកនាំពាក្យ រាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ពីជំហរ ក្រោយEUផ្អាក ជាបណ្តោះអាសន្ន ការអនុគ្រោះពន្ធ


ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់នូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានប្ដេជ្ញាតាំងចិត្តកសាងរដ្ឋប្រជាធិបតេយ្យ ដោយគោរពសិទ្ធិប្រជាពលរដ្ឋឲ្យស្របតាមគុណតម្លៃ និងប្រពៃណី ប៉ុន្តែក្នុងក្របខណ្ឌនីតិរដ្ឋដែលគ្មាននរណាម្នាក់នៅពីលើច្បាប់បានឡើយ ទោះបីជាសកម្មជននយោបាយ ឬជាសមាជិកនៃក្រុមស៊ីវិលក្ដី។

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានចេញប្រកាសកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ថា សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការដែលអាចនាំឲ្យមានការផ្អាកជាបណ្តោះអាសន្ន នូវការទទួលបានអាទិភាពរបស់កម្ពុជាលើទីផ្សារសហភាពអឺរ៉ុបក្រោមគម្រោងពាណិជ្ជកម្ម គ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA។ EBA អាចត្រូវបានលុបចោលប្រសិនបើប្រទេសទទួលផលមិនគោរពសិទិ្ធមនុស្សនិងសិទ្ធិការងារសំខាន់ៗ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ កុម្ភៈ បានឲ្យដឹងថា សហប្រតិបត្តិការ រវាងសហគមន៍អឺរ៉ុប និងកម្ពុជា អស់រយៈពេល២ទសវត្សកន្លងមក ប្រកបដោយផលវិជ្ជមាន ក៏ប៉ុន្តែកម្ពុជាខកចិត្ត និងសោកស្ដាយបំផុតចំពោះការចាប់ផ្ដើមនៃការព្យួរជាបណ្ដោះអាសន្ននៃ ការអនុគ្រោះពន្ធទៅកាន់ទីផ្សារអឺរ៉ុបអ្វីៗទាំងអស់លើកលែងតែអាវុធ(EBA)។

លិខិតបន្តថា “យើងជឿជាក់ថា ការសម្រេចចិត្តនេះ គឺមានទិដ្ឋភាពនៃហេតុផលនយោបាយនៅពីក្រោយដែលចាប់បង្ខំឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងសមរភូមិ នៃភូមិសាស្ត្រនយោបាយ ។ កម្ពុជាការពារខ្លួនជាដាច់ខាតក្នុងជម្រើសជាតួអង្គ បម្រើភូមិសាស្ត្រនយោបាយទោះបីស្ថិតនៅក្នុងសម្ពាធ ជាយថាហេតុ នៃរូបភាពណាមួយក៏ដោយ” ។

សេចក្ដីថ្លែងការណ៍បន្តថា“រាជរដ្ឋាភិបាលនៅតែប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពប្ដូរផ្ដាច់នូវឆន្ទៈមហាជនភាគច្រើន លើសលប់របស់ប្រជាពលរដ្ឋខ្មែរដែលបានបង្ហាញការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយខ្លួនឯង តាមរយៈការបោះឆ្នោតជាសកល នៅខែកក្កដា ឆ្នាំ២០១៨កន្លងទៅ (៨៣.០២%អ្នកចេញទៅបោះឆ្នោត)នេះជាសក្ខីភាពនៃការសម្រេច ចិត្តដ៏ត្រឹមត្រូវ ឆ្លើយតបចំពោះភាពឯករាជ្យ និងម្ចាស់ការរបស់ប្រជាជាតិអធិបតេយ្យមួយ”។

សេចក្ដីថ្លែងការណ៍បន្តថា ដំណើរការនៃបរិបទ EBA គ្រាន់តែស្ថិតក្នុងភាពអន្តរកាលនៃការអភិវឌ្ឍន៍ប៉ុណ្ណោះ។ កម្ពុជាជឿជាក់ថា ផលចំណេញប្រកបដោយភាពវិជ្ជមាន និងចីរភាពខ្ពស់ ដែលជាទំព័រប្រវត្តិសាស្ត្រខ្មែរថ្មីមួយទៀតរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានឱកាសការពារឯករាជ្យ អធិបតេយ្យភាព និងសេរីភាពពិតប្រាកដពីការជ្រៀតជ្រែក និងរំខានពីក្រុមអមិត្តជិតឆ្ងាយ៕