ឯកឧត្តម សុខ ឥសានបានអះអាងថា នៅកម្ពុជាគ្មានការផ្លាស់ប្តូរ របបដឹកនាំ ដូចជាការចង់បាន របស់អតីតមេបក្ស ប្រឆាំងជាដាច់ខាត


ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស គណបក្សប្រជាជនកម្ពុជា បានអះអាងថា នៅកម្ពុជាគ្មានការផ្លាស់ប្តូរ របបដឹកនាំ ដូចជាការចង់បាន របស់អតីតមេបក្ស ប្រឆាំងជាដាច់ខាត។

ការអះអាងរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាច បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្គ្រោះជាតិ បានលើកឡើង ក្នុងបណ្តាញសង្គមថា លោកនឹងចូលមកស្រុកខ្មែរវិញ នៅឆ្នាំ២០១៩ ដើម្បីផ្លាស់ប្តូរបបដឹកនាំនៅកម្ពុជា។

យ៉ាងណាក្តី ឯកឧត្តម សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ថា នៅកម្ពុជាគ្មានទេ ការផ្លាស់ប្តូររបបនាពេលបច្ចុប្បន្ន ។ ផ្អែកតាមស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបញ្ហាកម្ពុជា គឺកម្ពុជាប្រកាន់យករបបនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយរដ្ឋធម្មនុញ្ញក៏ ហាមធ្វើវិសោធនកម្មត្រង់ចំណុចនេះដែរ ។

អ្នកនាំពាក្យបក្សកាន់ អំណាចបានបញ្ជាក់ថា ស្ថិតនៅក្រោមរបបនេះ កម្ពុជាបានធ្វើដំណើរតាមផ្លូវត្រូវ គឺលើមាគ៌ាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនរុងរឿង ដែលប្រជាជនកម្ពុជាបាននិង កំពុងទទួលបានផលជាជ័យជំនះយ៉ាងត្រចះត្រចង់លើគ្រប់វិស័យ ដូច្នេះគ្មានទេការផ្លាស់ប្តូររបបបច្ចុប្បន្ន ដែលទណ្ឌិត សម រង្ស៊ី បានប្រកាសថា នឹងធ្វើការផ្លាស់ប្តូរនោះ។

ឯកឧត្តមបញ្ជាក់ថា “មហិច្ឆតាចង់ផ្លាស់ប្តូររបបរបស់ទណ្ឌិតសម រង្ស៊ី គឺជាការចង់នាំប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម បង្កគ្រោះមហន្តរាយដល់ប្រជាជនកម្ពុជាដូចពីអតីតកាល ។ហេតុនេះ ប្រជាជនកម្ពុជាប្រឆាំងជាដាច់ខាត ចំពោះគំនិតទុច្ចរិតដ៏ ពិសពុលរបស់ទណ្ឌិត សម រង្ស៊ី ដែលចង់បំផ្លាញផលប្រយោជន៍របស់ប្រជាជននិងប្រជាជាតិកម្ពុជា និងប្រឆាំងដាច់ខាតវត្តមាន របសទណ្ឌិតរូបនេះ នៅក្នុងទឹកដីកម្ពុជា”