ស្វាគមន៍ប្រតិភូប៉ូលីសអន្តរជាតិភូមិភាគ២ នៃទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ( NYPD ) និង ភ្នាក់ងារប៉ូលីសក្នុងតំបន់ផ្សេងៗ


ដំណើរទស្សនកិច្ចមកកាន់ដែនដីអង្គរនៃខេត្តសៀមរាប របស់ប្រតិភូប៉ូលីសអន្តរជាតិភូមិភាគ២ នៃទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ( NYPD ) និង ភ្នាក់ងារប៉ូលីសក្នុងតំបន់ផ្សេងៗទៀត បង្ហាញអំពីការរឹតចំណងមិត្តភាព សហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និង កម្ពុជា !
វត្តមានរបស់ប្រតិភូប៉ូលីសអន្តរជាតិភូមិភាគ២ នៃទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក (NYPD) និង ភ្នាក់ងារប៉ូលីសក្នុងតំបន់ផ្សេងៗទៀត មកកាន់ខេត្តសៀមរាប ដែនដីអតីតរាជធានីអង្គរនៃព្រះរាជាណាចក្រកម្ពុជា គឺជាកត្តាបង្ហាញអំពីការរឹតចំណងសាមគ្គីភាព-មិត្តភាព រវាងសហរដ្ឋអាមេរិកនិងកម្ពុជា ហើយក៏ជាការបង្ហាញឲ្យឃើញផងដែរ អំពីគោលបំណងជាវិជ្ជមាននៃការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងកម្ពុជានិងសហរដ្ឋអាមេរិក សម្រាប់អនាគតខាងមុខ ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តឈានមុខេគេលីវិស័យេទសចរណ៍ បច្ចុប្បន្នបានកំពុងមានការវិឌ្ឍន៍រីកចេ្រមីនជាបន្តបន្ទាប់ តាមរយៈការ កើនឡើងនៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អ្នកបណ្តាក់ទុន វិនិយោគលើវិស័យទេសចរណ៍ អកនកសិក្សាស្រាវជ្រាវ គណៈប្រតិភូជាន់ខ្ពស់ និង បណ្តាប្រទេសជាមិត្ត ។ ដោយបានការចូលរួមចំណែកយ៉ាងសកម្ម ពីសំណាក់អាជ្ញាធរដែនដី សមត្ថកិច្ច នៅគ្រប់ជាន់ថ្នាក់ និង ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានធ្វើឲ្យស្ថានភាពសន្តិសុខទូទៅក្នុងខេត្ត មានសុវត្ថិភាព និង សណ្តាប់ធ្នាប់ផងដែរ ។
បន្ទាប់ពីការធ្វើចំណាប់អារម្មណ៍របស់លោក Sgt.Juan Perez តំណាងប្រតិភូប៉ូលីសអន្តរជាតិ ភូមិភាគ២ នៃក្រុង ញូយ៉ក សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ ក្នុងការលើកកម្ពស់ការងារសន្តិសុខនៅលើពិភពលោក ព្រមទាំងធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍ បច្ចេកទេសនឹងគ្នាផងដែរ ។

ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្រសួងការពារជាតិ ក្នុងនាមតំណាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងទ័ពជើងគោក វាយតម្លៃខ្ពស់យ៉ាងដូច្នេះ នារាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រុងសៀមរាប ក្នុងឱកាសទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ ប្រតិភូប៉ូលីសអន្តរជាតិភូមិភាគ២ នៃទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ( NYPD ) និង ភ្នាក់ងារប៉ូលីសក្នុងតំបន់ផ្សេងៗ ដែលដឹកនាំដោយ លោក Juan Perez ។ នៅក្នុងសេចក្តីថ្លែងស្វាគមន៍នោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក បានសម្តែងនូវការ រីករាយស្វាគមន៍ជានិច្ច ចំពោះវត្តមានមិត្តភ័ក្តិទាំងអស់ដែលអញ្ជើញមកកាន់កម្ពុជា សំខាន់មកកាន់ទឹកដីប្រវត្តិសាស្ត្រសៀមរាប ។ ឯកឧត្តមបន្តទៀតថា ឧទ្យានប្រវត្តិសាស្រ្តអង្គរ ជាកេរ្តិ៍ដំណែលដូនតាខ្មែរ និង ជាសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិ ដែលស្ថិតនៅក្នុងដែនដីនៃកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ជាមួយនឹងដំណើរទស្សនកិច្ចរបស់សមាជិកប្រតិភូទាំងអស់ នឹងបានបង្ហាញអំពីមោទនភាពរបស់កម្ពុជា ដែលកំពុងបោះជំហាន ក្នុងដំណើរនៃការអភិវឌ្ឍជាតិ ក្រោមឥទ្ធិពលនៃម្លប់សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។ កត្តាសន្តិភាព បានកំពុងនាំមកនូវកំណើនសេដ្ឋកិច្ចមួយដ៏ល្អសម្រាប់កម្ពុជា ក្នុងចំណោមសេដ្ឋកិច្ចនៃបណ្តារដ្ឋនានាក្នុងតំបន់ ៕