ភូមិ៤ នៃសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានទទួលការផ្តត់ផ្គង់ទឹកស្អាតឡើងវិញហើយ, ប្រជាពលរដ្ឋថ្លែងអំណរគុណដល់ឯកឧត្តម លឹម គានហោ និងក្រុមការងារ ដែលបានជួយដោះស្រាយទឹកប្រើប្រាស់បណ្តោះអាសន្ន នាពេលកន្លងមក


លោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ដែលដឹកនាំការងារអន្តរាគមន៍ដឹកទឹកចែកជូនប្រជាពលរដ្ឋក្នុងភូមិ៤ សង្កាត់ដងទង់ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ប្រជាពលរដ្ឋនៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានទទួលការផ្គត់ផ្គង់ទឹកស្អាតឡើងវិញហើយ បន្ទាប់ពីមន្ទីរ និងអង្គភាពជំនាញរបស់ខេត្ត បានទាញយកប្រភពទឹកថ្មីមកផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាត ជំនួសឲ្យប្រភពទឹកចាស់ដែលបានគោករីង ។ លោកប្រធានមន្ទីរបន្តថា ទន្ទឹមការទទួលបានការផ្គត់ផ្គង់ទឹកស្អាតឡើងវិញនេះ ការអន្តរាគមន៍ដឹកទឹកចែកជូនប្រជាពលរដ្ឋ សម្រាប់ការប្រើប្រាស់ជាបណ្តោះអាសន្ន ក៏ត្រូវបានផ្អាកផងដែរ ។ លោកប្រធានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ជួយសង្គ្រោះក្នុងគ្រាលំបាកនាពេលកន្លងមក ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ៤ទាំងមូល តាមរយៈរូបលោក បានគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារទាំងអស់ ដែលបានជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់បណ្តោះអាសន្នក្នុងភូមិឋានរបស់ពួកគាត់ រហូតដល់បានទទួលការផ្គត់ផ្គង់ទឹកស្អាតឡើងវិញ ។

គួររំលឹកជូនថា ក្រុងខេមរភូមិន្ទ បានប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ខណៈអាងទឹកតាប៉ន ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ឱ្យការផលិតទឹកស្អាត ចាប់ផ្តើមរីងខះ ។ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរ និងអង្គភាពជំនាញ កំពុងទាញយកទឹកពីអាងទឹកមួយកន្លែងទៀត ស្ថិតនៅក្រោយព្រលានយន្តហោះ មកផ្គត់ផ្គង់ឲ្យការផលិតជំនួសវិញ ។

ទន្ទឹមនឹងការប្រឈមខាងលើ តំបន់មួយចំនួនក្នុងក្រុង ត្រូវបានផ្អាកការផ្គត់ផ្គង់ទឹកស្អាតជាបណ្តោះអាសន្ន ក្នុងនោះក៏មានភូមិ០៤ នៃសង្កាត់ដងទង់ផងដែរ ។ ពិនិត្យឃើញបញ្ហានេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បញ្ចេញរថយន្តដឹកទឹកដែលក្រសួងបានផ្តល់ឲ្យសម្រាប់ត្រៀមចូលរួមដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក ដើម្បីដឹកទឹកចែកជូនប្រជាពលរដ្ឋនៅតំបន់នោះ ។ ការដឹកទឹកនេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី ១២ ខែកុម្ភៈ ហើយមន្ទីរនឹងបន្តដឹករហូតដល់ប្រជាពលរដ្ឋនៅតំបន់នោះ ទទួលបានការផ្គត់ផ្គង់ទឹកស្អាតឡើងវិញ ។