រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធ ពិធីបុណ្យមាឃបូជានៅវត្តអារញ្ញការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនារសៀលថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធប្រារព្ធពិធីបុណ្យមាឃបូជានៅវត្តអារញ្ញការាមស្ថិតក្នុងក្រុងកំពង់
ឆ្នាំងដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្តឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវឈឹម ស្រីមុំប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូ សិស្សនុសិស្សនិង ពុទ្ធបរិស័ទចូលរួមចំនួន​២៣៥នាក់ផងដែរ។

តាមឯកសារបានបញ្ចាក់ថាប្រភព នៃបុណ្យមាឃ
បូជា មាន២យ៉ាង ប្រភពទី១ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាតព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណិមីក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។ ប្រភពទី២ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណិមីខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។

ក្នុងពិធីនោះមានបួងសួង ដង្ហែរក្បូនជុំវិញព្រះវិហារចំនួន៣ជុំនិងពិធីជាច្រើនទៀត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិមានសុខសន្តិភាព ជាដ៍រាបរៀងទៅ ។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាពបើគ្មានសុខសន្តិភាពទេ គឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ។

ឯកឧត្តមបានបន្តទៀតថាៈការអភិវឌ្ឍន៍គ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទើបមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនានានា ពិសេសពិធីបុណ្យមាឃបូជាដ៍អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសំងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យលន់ នល់ ជាពិសេសសម័យប៉ុលពត ប្រល័យពូជសាសន៍ឯងនៅនិងបំផ្លាញខ្ទេចខ្ទាំ គ្មានសល់ នាសម័យនោះកុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយង់ឃ្នង នៃស្រមោលខ្មៅនាអតីតកាល ដែលពលរដ្ឋខ្មែរគ្រប់រូប ចង់ចាំ ស្អប់ខ្ពើម ឈឺចាប់គ្មានថ្ងៃភ្លេច និងសូមប្រាថ្នា ទោះបីកើតជាតិណាៗ កុំឡើយជួបសម័យកាលនោះ តែសុំប្រាថ្នារស់ក្រោមសម័យសន្តិភាព និងអភិវឌ្ឍន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជា៕