ឯកឧត្តម ចាន់ យុត្ថា និង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខត្តបាត់ដំបង ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យស្ថានភាពទឹកនៅក្នុងអាងកំពីងពួយ


នៅព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខត្តបាត់ដំបង ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យស្ថានភាពទឹកនៅក្នុងអាងកំពីងពួយ និងការអន្តរាគមន៍សង្គ្រោះដំណាំស្រូវនៅក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រកំពីងពួយ ខេត្តបាត់ដំបង ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានរាយការណ៍ជូនឯកឧត្តមរដ្ឋលេខាធិការថា មកដល់ពេលនេះ ទឹកក្នុងអាងនៅសល់ប្រមាណជា ២០ លានម៉ែត្រគូបប៉ុណ្ណោះ ដោយសារយើងបានបើកស្រោចស្រពស្រូវជាបន្តបន្ទាប់ ចាប់តាំងពីរដូវវស្សា រហូតដល់រដូវប្រាំងនេះ ។ ទឹកដែលនៅសល់ គឺយើងត្រូវបន្តអន្តរាគមន៍ផ្ទៃដីស្រូវដែលកំពុងដាំដុះប្រមាណ ២.០០០ ហិកតា ទៀត ។

ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់លោកប្រធានមន្ទីរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកប្រើប្រាស់ ដូចនេះ ការងារអន្តរាគមន៍ ត្រូវពិនិត្យដោយប្រុងប្រយ័ត្ន ជៀសវាងការខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ ។