ផ្ទះទេវតាត្រូវបានប្រគល់ជូនគ្រួសារទីទាល់ក្រ១គ្រួសារ ក្នុងសង្កាត់ដងទង់ ខេត្តកោះកុង


(កោះកុង)៖ ពលរដ្ឋក្រីក្រ១គ្រួសារដែលគ្មានលទ្ធភាពសាងសង់លំនៅដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារ ឯកឧត្តម ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់លំនៅជូនគាត់១ខ្នង ដែលមានទំហ៑ំ៤x៥ម៉ែត្រ ដែលសាងសង់អំពីឈើប្រកស័ង្កសី ជញ្ជាំងស័ង្កសី និងចាក់ប៉េតុងក្រោម ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងភូមិន្ទ ខេត្តកោះកុង។

គ្រួសារដែលទទួលបានផ្ទះទេវតាមានឈ្មោះ សានរី ប្រពន្ធឈ្មោះ ឃាន គឹមសេង មានមុខរបរដើរលូកក្តាម និងរើសងាវ ដែលកូនរស់នៅក្នុងបន្ទុក៣នាក់ ប្រុស២ស្រី១។

ការប្រគល់ផ្ទះទេវតាដល់គ្រួសារទីទាល់ក្រ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ ឯកឧត្តម ផៃធូន ផ្លាមកេសន និងមន្ត្រីក្រោមឱវាទលោកចៅសង្កាត់មេភូមិ។

ឯកឧត្តម ផៃធូន ផ្លាមកេសន បានប្រាប់ភ្នាក់ងារ ថាដោយមើលឃើញនូវភាពលំបាករបស់គាត់ ក្នុងជីវភាពគ្រួសារទាំងការរស់នៅទាំងលំនៅដ្ឋាន ហើយគ្មានលទ្ធភាពសង់លំនៅដ្ឋានទៀតផងនោះ ឯកឧត្តមបានចាត់ចែងក្រុមការងារ ឲ្យចុះធ្វើការសាងសង់លំនៅដ្ឋានជូនគាត់ឲ្យបានសមរម្យ និងគេដោយឯកឧត្តមបានចំណាយថវិកាផ្ទាល់ក្នុងការចំណាយក្នុងសាងសង់នេះ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនទុកបងប្អូនចោលនោះទោះបីបងប្អូន ស្ថិតនៅតំបន់ដាច់ស្រយាលណាស់ក៏ឲ្យតែអាជ្ញាធរទទួលបានព័ត៌មាន ក្រុមការងារ និងចុះដល់ភ្នាមដោយមិនគិតពីភាពលំបាក ឬនិន្នការនយោបាយណាមួយឡើង៕