ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​​៦០​​នឹង​ស្វែងរក​ឱកាស​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​


​បន្ទាប់ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ចាប់​យក​ប្រទេស​កម្ពុជា​ ​ធ្វើជា​គោលដៅ​វិនិយោគ​ទី១សម្រាប់​គម្រោង​ដ៏​មហិមា​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កាលពី​ពេល​កន្លងទៅ​ថ្មីនេះ​ ​នៅ​ត្រឹម​ថ្ងៃទី២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ខាងមុខ​ ​ប្រតិភូ​ដែល​ជា​តំណាង​របស់​ប្រទេស​ជប៉ុន​​នឹង​ដឹកនាំ​ក្រុមហ៊ុន​ប្រមាណ៦០​ ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​មក​សិក្សា​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​ ​

​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​ ​នៅ​ត្រឹម​ថ្ងៃទី២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលនទ្រព្យ​ ​និង​សំណង់​ ​ជាង៥០ក្រុមហ៊ុន​ ​របស់​ប្រទេស​ជប៉ុន​នឹង​មក​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ជំនួប​ពិភាក្សា​ ​និង​ស្វែងយល់​លម្អិត​ពី​ឱកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​ព្រមគ្នា​ជាមួយនឹង​សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្ពុជា​ផង​ដែរ​ ​។​ ​

​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ ​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​មហិ​ច្ឆិ​តា​ ​និង​ឆន្ទៈ​របស់​ខ្លួន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ ​ជាមួយនឹង​គម្រោង​នានា​ជាច្រើន​ ​ជាពិសេស​ ​គម្រោង​លើ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ ​ដែល​សង្កត់ធ្ងន់​ទៅលើ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​អភិវឌ្ឍ​ទីក្រុង​ដ៏​ទំនើប​ប្រកបដោយ​ប្រណីតភាព​ ​ឬ​ ​ទីក្រុង​ឆ្លាត​ ​(​Smart​ ​City​)​។​ ​

លោក​បាន​បន្ត​ទៀត​ថា​ ​៖​ ​«​ ​វា​ជា​សញ្ញា​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ​ភាព​រីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​ ​គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​ ​ដូច្នេះ​ ​នៅពេល​មាន​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​កាន់តែ​ច្រើន​ចូលមកធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ ​វា​គឺជា​រឿង​ដ៏​ល្អ​បំផុត​របស់​យើង​»​។​ ​

​ជាមួយគ្នា​នេះ​ ​លោក​ ​ហ៊ុយ​ ​វណ្ណា​ ​អគ្គ​លេខាធិ​កាស​មា​គម​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្ពុជា​ ​ក៏បាន​បញ្ជាក់​ប្រាប់​ពី​ភាពល្អ​ប្រសើរ​ ​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ផង​ដែរ​ថា​ ​អាស្រ័យ​ដោយ​ចរន្ត​នៃ​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​ ​មាន​ភាពល្អ​ប្រសើរ​ ​និង​ឆាប់រហ័ស​ជា​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ ​ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​សំណង់​អន្តរ​ជា​តិ​ធំៗ​ ​ដែល​ក្នុង​នោះ​រាប់ទាំង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជប៉ុន​ទាំង​ជាង​ ​៥០​ ​ដែល​នឹង​មក​ធ្វើការ​សិក្សា​ស្វែងយល់​ពី​ឱកាស​នៃ​ការ​វិនិយោគ​ផង​ដែរ​ ​ដែល​បាន​ងាក​មក​ចាប់អារម្មណ៍​ ​និង​ចង់​បណ្តាក់​ទុន​នៅ​កម្ពុជា​ផង​ដែរ​ ​ដែល​ទាំងអស់​នេះ​ ​វា​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​កម្ពុជា​៕​