យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីបចេ្ចកទេសនៃក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ក្រសួង និងមន្ទីរធនធាន និងឧតុនិយមខេត្តកំពង់ចាម ចុះពិនិត្យ និងវាយតម្លៃស្ថានភាពស្ថានីយបូមទឹកហ៊ុន សែនទី ១៥ មានទីតាំងស្ថិតនៅឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ស្ថានីយបូមទឹកខាងលេីនេះ បានដេីរតួនាទីយ៉ាងសំខាន់ក្នុងការបូមទឹកសម្រាប់បម្រេីឲ្យការងារបង្កបង្កេីនលេីផ្ទៃដីចំនួនជិត ១.០០០ ហិកតា ដែលរួមមានស្រូវបង្កេីនរដូវ និងស្រូវវស្សា ព្រមទាំងដំណាំរួមផ្សំមួយចំនួួនទៀត។ បន្ទាប់ពីបានប្រេីប្រាស់អស់រយ:ពេលជាច្រេីនកន្លងមក ម៉ាស៊ីនស្ថានីយ (ក្បាលម៉ាស៊ីន តួស្ថានីយ) និងប្រឡាយទរនាំទឹកមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ប្រព័ន្ធប្រឡាយស្រោចស្រមានសភាពគោករាក់ ដែលតម្រូវឲ្យក្រសួងលេីកផែនការជួសជុល ស្តារឡេីងវិញ ព្រមទាំងផ្លាស់ប្តូរក្បាលម៉ាស៊ីនបូមទឹកដេីរដោយថាមពលប្រេងម៉ាស៊ូត ទៅជាម៉ូទ័រដេីរដោយថាមពលអគ្គីសនីវិញ។ វត្តមានរបស់ថ្នាក់ដឹកនាំក្រសួងធនធាន ទឹក និងឧតុនិយម និងមន្រ្តីជំនាញនាថ្ងៃនេះ បង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ និងគិតគូរលេីកផែនការដោះស្រាយបញ្ហាទឹកជូនបងប្អូនប្រជាកសិករសម្រាប់វិស័យកសិកម្ម ក៏ដូចជាតម្រូវការទឹកប្រេីប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។
ស្ថានីយបូមទឹក ហ៊ុន សែនទី ១៥ ស្ថិតនៅឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម លេីកគម្រោងផែនការ ធ្វេីបច្ចុប្បន្នភាព និងជួសជុលស្តារឡេីងវិញ
