ឯកឧត្តម សុខ ឥសានរាជរដ្ឋាភិបាលមិន បានចោទអាមេរិកទេ គឺមានតែលោក កឹម សុខាខ្លួនឯងប៉ុណ្ណោះជា អ្នកនិយាយអាមេរិកនៅពីក្រោយខ្នង


ភ្នំពេញ៖ បន្ទាប់ពីអ្នកនាំពាក្យស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា លើកឡើងថា រាជរដ្ឋាភិ បាលចោទប្រកាន់អាមេរិក ជាប់ពាក់ព័ន្ធក្បត់ជាតិជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានឆ្លើយតបវិញថា រាជរដ្ឋាភិបាលមិន បានចោទអាមេរិកទេ គឺមានតែលោក កឹម សុខាខ្លួនឯងប៉ុណ្ណោះជា អ្នកនិយាយអាមេរិកនៅពីក្រោយខ្នង។

ឯកឧត្តម សុខ ឥសាន បានសរសេរនៅ តាមបណ្តាញតេឡេក្រាម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ថា “រាជរដ្ឋាភិបាលកម្ពុជា មិនបានចោទអាមេរិកទេ តែថាតាម កឹម សុខា និយាយទេតើ បើមិនជឿចាក់សំឡេង កឹម សុខា ឡើងវិញស្តាប់ទៅ”។

សូមរំលឹកថា ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីមាន វីដេអូមួយបង្ហោះនៅលើ Youtube និង Facebook បង្ហាញពីលោក កឹម សុខា និយាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជា របស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹង ប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ ៕