កិច្ចប្រជុំប្រចាំឆ្នាំលើកទី៨១ គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ


ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោគអង្គការសហប្រជាជាតិលើកទី៨១ ពីថ្ងៃទី១៩ ដល់២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានការអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

កិច្ចប្រជុំនេះ មានការចូលរួមដោយរដ្ឋមន្រ្តីដឹកជញ្ជូន និងប្រធានគណៈប្រតិភូមកពី ទី្វបអាហ្រ្វិក អាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ា និងអង្គការអន្តរជាតិពាក់ព័ន្ធនានា ជាច្រើន។

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ កិច្ចប្រជុំបានអនុម័តលើសេចក្តីសម្រេចស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ សុខដុមនីយកម្ម និងសមាហរណកម្ម នៅក្នុងយុគសម័យស្វ័យប្រវត្តិកម្មដឹកជញ្ជូន។

កិច្ចប្រជុំក៏បានអនុម័តផងដែរនូវយុទ្ធសាស្រ្តរបស់គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាជាតិឆ្នាំ២០៣០ ផែនការសកម្មភាព និងរបៀបរបបការងារកែសម្រួលរបស់គណៈកម្មាធិការ។