កិច្ចប្រជុំក្រុមការងារបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (WEE) លើកទី៣ នៅខេត្តសៀមរាប


ព្រឹកថ្ងៃទី ២រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២១ ខែ កុម្ភះ ឆ្នាំ២០១៩​ មានកិច្ចប្រជុំក្រុមការងារបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (WEE) លើកទី៣ ដឹកនាំដោយលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីខេត្តសៀមរាប និងលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារ ។

កិច្ចប្រជុំនេះដើម្បីពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំលើកទី២ និងការចុះស្រាវជ្រាវនៅសហគមន៍ទាំង០៥ រួមមានសហគមន៍ខ្នារពោធិ៍ សហគមន៍កំពង់ឃ្លាំង សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុត និងសហគមន៍ទឹកធ្លាក់ចង្ក្រានរោយ។

អង្គប្រជុំបានពិភាក្សាលើលទ្ធផលដែលក្រុមការងារបានចុះប្រមូលព័ត៌មាន និងតាមរយៈការវាយតម្លៃរបស់អ្នកជំនាញការអង្គការចាយការជប៉ុន ក្រុមការងារក៏បានឯកភាព ជ្រើសរើសយកសហគមន៍ចំនួន០២ គឺសហគមន៍កំពង់ភ្លុក និងសហគមន៍ខ្នារពោធិ៍ ដើម្បីអនុវត្តគម្រោងសាកល្បង ក្នុងការផ្តល់ជំនាញបច្ចេកទេស ដល់សហគមន៍ក្នុងការបង្កើតជំនាញវិជ្ជាជីវៈឆ្លើយតប បញ្ហាយេនឌ័រ និងដំណោះស្រាយដើម្បីបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ។

គម្រោងបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីខេត្តសៀមរាប ផ្តោតសំខាន់លើវិស័យទេសចរណ៍ គម្រោងនេះផងដែរ បង្កើតឡើងដើម្បីបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់ស្រ្តី ការបង្កើនសមត្ថភាពរបស់ស្រ្តី ការចូលរួម ការរួមចំំណែក ការទទួលបានផលប្រយោជន៍ និងការទទូលស្គាល់ពីតម្លៃស្រ្តី ក្នុងវិស័យសេដ្ឋកិច្ចសង្គម។