សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញទស្សនកិច្ចនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២


នៅកាលពីរសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រសួងមហាផ្ទៃអញ្ជើញទៅទស្សនកិច្ចនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ មានការអញ្ជើញអមដំណើរពីសំណាក់ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាតំនប់មួយដ៏ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅភូមិភាគឥសាននៃប្រទេស ហើយស្ថានីយវារីអគ្គិសនីនេះស្ថិតនៅចម្ងាយ ១,៥ គីឡូម៉ែត្រ ខាងក្រោមចំណុចប្រសព្វ នៃទន្លេសេសាននិងទន្លេស្រែពក និងមានអាងស្តុកទឹកលាតសន្ធឹង តាមដងទន្លេសេសាន ក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន។
សូមបញ្ជាក់ថា ក្រុមហ៊ុន Hydro Power Lower Se San 2 Co., Ltd ជាក្រុមហ៊ុនទទួលធ្វើការវិនិយោគ សាងសង់ និងធ្វើអាជីវកម្មគម្រោងនេះ តាមលក្ខខណ្ឌវិនិយោគ ដូចខាងក្រោម៖
១. រូបភាពវិនិយោគគឺ សាងសង់-ដំណើរការ-ផ្ទេរ (BOT)
២. ទុនវិនិយោគសរុប ៧៨១,៥២ លានដុល្លារអាមេរិក
៣. រយៈពេលសម្បទាន ៤៥ឆ្នាំ ក្នុងនោះ៥ឆ្នាំសម្រាប់សាងសង់ និង៤០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម
៤. ថាមពលផលិតជាមធ្យម ១៩១២ លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ រួចអគ្គិសនីកម្ពុជា (EDC) ទិញថាមពលពីគម្រោងទៅតាមបរិមាណដែលក្រុមហ៊ុនផលិតបានជាក់ស្តែង​។
សូមជម្រាបថា ពិធីសម្ពោធដាក់ឲ្យដំណើរការទំនប់វារីអគ្គិសនីសេសានក្រោម២ មានអានុភាព ៤០០មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង បានប្រារព្ធឡើងកាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនោះសម្តេចក្រឡាហោ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក អាជ្ញាមូលដ្ឋាន និងក្រុមហ៊ុន Hydro Power Lower Se San 2 Co., Ltd ដែលបានខិតខំយកអស់កម្លាំងកាយចិត្តរួមគ្នាដោះស្រាយសំណងផលប៉ះពាល់ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់សម្រេចបានជោគជ័យ៕