សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស មានទឹកចិត្ដអាណិតអាសូរ និងកុំរើសអើងជនពិការ


សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមមានទឹកចិត្ដអាណិតអាសូរ ដល់ជនពិការ កុំរើសអើង កុំស្អប់កុំខ្ពើមគ្នា ធ្វើម៉េច បើជាតិនេះព្រហ្មលិខិតបានកំណត់មកដូច្នេះ។

ការថ្លែងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខ សមាគមតន្ដ្រីសំនៀង ជនពិការ ចំនួន១៣៥គ្រួសារ (១៦៧នាក់) នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងក្រើនរម្លឹកថា «កូនៗជនពិការ ត្រូវចង់ចាំថា ទោះយើងជាជនពិការ តែយើងមិនត្រូវពិការចិត្ដ និងកុំពិការគំនិត ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីបំពេញកិច្ចការបាន ដោយយើងមានថ្នាក់ដឹកនាំល្អ ដែលតែងតែគិតគូរ និងស្វែងរកឱកាសឲ្យកូនៗបំពេញកិច្ចការ ចិញ្ចឹមជីវិត»

ជាងនេះទៅទៀត «សូមក្មួយៗ ត្រូវចេះស្រលាញ់ សាមគ្គីភាពគ្នា រក្សាឯកភាពផ្ទៃក្នុង កុំច្រណែនឈ្នានីស ចេះជួយគ្នាទៅវិញទៅមក ហើយចេះរស់នៅជាមួយគ្នាដោយសុខដុមរមនា និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។ ចំពោះអ្នកដែលមានប្តីឬប្រពន្ធ ត្រូវចេះអធ្យាស្រ័យគ្នា រក្សាសុភមង្គលជាមួយគ្នាអស់មួយជីវិត»

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ម៉ែអរគុណកូនៗណាស់ដែលតែងតែរងចាំ តាំងពី២០១៣ ដល់២០១៩ ទោះម៉ែមិនបានមកចុះសួរសុខទុក្ខកូនដោយផ្ទាល់ តែម៉ែបានចាត់តំណាងម៉ែមកដែរ មិនឲ្យដាច់នោះទេ ដើម្បីមកមើលកូនៗ និងមកបំពេញតំរូវការ ក្នុងការរស់នៅរបស់កូនៗ។ ថ្ងៃនេះ ម៉ែ បានមកដោយផ្ទាល់ ម៉ែ នឹងសម្រេចរាល់សំនូមពរ ជូនកូនៗទាំងអស់គ្នា ដែលរួមមាន អាគារស្នាក់នៅ រថយន្ដ និងតំរូវមួយចំនួនទៀត»

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន បន្ដថា ពិសេស ថ្ងៃនេះម៉ែ ក៏បានពាំនាំព្រះរាជបណ្តាំផ្តាំសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល ព្រះអង្គ តែងយកព្រះទ័យទុកដាក់ គិតគូរ ពីសុខទុក្ខរបស់ប្រជានុរាស្ត្រ ដែលមានកូនចៅជាជនពិការទាំងអស់ ជាពិសេស ព្រះអង្គបានសព្ទព្រះរាជហឫទ័យ ចូលរួមចំណែកប្រោសប្រទាន នូវព្រះរាជទ្រព្យ ក្នុងការកសាងអគារស្នាក់នៅ សម្រាប់ជនពិការនៃសមាគមតន្ត្រីសំនៀងជនពិការនេះផងដែរ ។

សូមជម្រាបថា ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ ក៏បាននាំយកនូវអំណោយផ្តល់ជូនសមាគមតន្ត្រីសំនៀងជនពិការផងដែរ រួមមាន ៖ អង្ករ ៣តោន មី ៥០កេស ត្រីខ ៥កេស ឆៃប៉ូវផ្អែម ២០គ.ក្រ ឆៃប៉ូវប្រៃ ២០គ.ក្រ ទឹកស៊ីអ៊ីវ ៣០ដប ទឹកត្រី ៣០ដប ទឹកបរិសុទ្ធ ៣០កេស ទឹកក្រូច ៣០កេស ក្រូចឃ្វិច ៦កេស ទំពាំងបាយជូ ៦កេស និងថវិកា ១០លានរៀល។ ដោយឡែកជនពិការ ១៥០នាក់ និងអ្នកស្ម័គ្រចិត្ត ១៧នាក់ ក្នុងម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ២០ម៉ឺនរៀល ព្រមទាំងអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាមួយពេល៕