ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំកំពូល ស្តីពីសន្តិភាព នៃគណៈកម្មាធិការនារីអន្តរជាតិ


នាវេលាម៉ោង១២:០០នាទី​​ រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បនា ការងារ បណ្តុះបណ្តលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំកំពូល ស្តីពីសន្តិភាពនៃគណៈកម្មាធិការនារីអន្តរជាតិ IWPG ដែលរៀបចំដោយ IWPG (International Women`s Peace Group) និងក្រុមមេដឹកនាំសន្តិភាពនៅកម្ពុជា នៅវិទ្យាស្ថានជាតិអប់​រំ ដោយមានការចូលរួមពីស្ត្រីដឹកនាំសង្គម ស៊ីវិល ស្ថាប័នឯកជន ស្ថាប័នរដ្ឋាភិបាល ស្ត្រីតាមសហគមន៍ សាស្ត្រាចារ្យស្ត្រី អ្នកគ្រូ និងសិស្ស និស្សិតជាស្ត្រីពីបណ្តាគ្រឹះស្ថានអប់រំនានា ព្រមទាំងប្រិយ៍មិត្តអន្តរជាតិផងដែរសរុបចំនួន១០០០នាក់។

ក្នុងឱកាសពិធីបិទនេះដែរ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ដោយសេចក្តីសោមនស្សរីករាយ និងមោទនៈភាពក្រៃលែង ដែលបានចូលរួមកម្មវិធីបិទ “កិច្ចប្រជុំកំពូលស្តីពីសន្តិភាព នៃគណៈកម្មាធិការនារីអន្តរជាតិ” ក្រោមប្រធានបទ “ភាពសុខដុម ការប្រាស្រ័យទាក់ទង និងសន្តិភាពជាមួយស្ត្រីចំនួន ៣៧០០ លាននាក់នៅលើពិភពលោក” ដែលបានប្រព្រឹត្តទៅ អស់រយៈពេលមួយព្រឹកនេះ គឺស្ថិតក្នុងបរិបទសកល ដែលសន្តិភាពកំពុងត្រូវបានគម្រាមកំហែង និងត្រូវបានបំផ្លាញដោយអំពើហិង្សា ការរំលោភសិទ្ធិមនុស្ស ជម្លោះប្រដាប់អាវុធ សង្គ្រាមដណ្តើមអំណាច ដែលបាន និងកំពុងកើតមានឡើងនៅប្រទេសមួយចំនួនក្នុងពិភពលោក។

លោកជំទាវ បានបន្តប្រសាសន៍ថា ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមខ្លួនលោកជំទាវផ្ទាល់សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការនារីអន្តរជាតិដើម្បី សន្តិភាព (IWPG) និងអង្គការ ស្ថាប័នជាតិ អន្តរជាតិនានា ដែលបានសហការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់ ប្រកបដោយអត្ថន័យនេះឡើង។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានសំម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះគណៈកម្មាធិការនារីអន្តរជាតិ ដើម្បីសន្តិភាព ដែលបានជ្រើសយក ព្រះរាជាណាចក្រកម្ពុជា សម្រាប់កម្មវិធីទស្សនាចរសន្តិភាពលើកទី៣០របស់ខ្លួន តាមរយៈសកម្មភាព និងការខិតខំប្រឹងប្រែងរបស់គណ:កម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព វាពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការយល់ដឹងកាន់តែស៊ីជម្រៅ របស់ប្រជាជនកម្ពុជា ជាពិសេសស្រ្តីផងដែរ នូវសារៈសំខាន់ និងពីអត្ថន័យពិតប្រាកដ នៃពាក្យ “សន្តិភាព” សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ប្រជាជាតិទាំងអស់លើពិភពលោកដែរ។

លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានបន្តប្រសាសន៍ទៀតថា ជាការពិតណាស់ មុននឹងកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ កម្ពុជាបានឆ្លងកាត់ និងបានទទួលបទពិសោធន៍យ៉ាងជូរចត់ នៃការវិនាសព្រាត់ប្រាស់ បាត់បង់អាយុជីវិត រងរបួស រងទុក្ខវេទនាគ្រប់បែបយ៉ាង និងការខ្ទេចខ្ទាំទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ ដែលកើតចេញពីជម្លោះប្រដាប់អាវុធ និងភ្លើងសង្រ្គាម អស់រយៈពេលជាយូរ និងបានបន្សល់ទុកឲ្យស្រ្តីកម្ពុជា នូវការបាត់បង់អស់ទ្រព្យសម្បត្តិ សតិសម្បជញ្ញ: សាមគ្គីភាព ការអប់រំ ភាពទន់ភ្លន់ សុជីវធម៌ សីលធម៍សង្គម និងជំនួសមកវិញនូវបន្ទុកគ្រួសារដ៏ធ្ងន់ធ្ងរ ក្នុងនាមជាមាតាផង បីតាផង។ ទន្ទឹមនឹងនោះដែរ ដំណើរការស្វែងរកសន្តិភាពមកវិញនៅកម្ពុជាពិតជាពិបាកណាស់ ហើយវាបានផ្តើមចេញពីការបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលហៅកាត់ថា “រណសិរ្យ ២ធ្នូ” ដែលយុទ្ធនារីរបស់យើង បានបូជាសាច់ស្រស់ឈាមស្រស់ ប្រកបដោយភាពអង់អាចក្លាហាន ក្នុងបុព្វហេតុប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងឈានទៅទទួលបានជ័យជំនះនាថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩។ ជាមួយគ្នានេះដែរ លទ្ធផលដែលទទួលបានពីសន្តិភាពនេះ បានផ្តល់ជូនប្រជាជនកម្ពុជា ពិសេសស្ត្រី នូវកម្រិតជីវភាពសមរម្យ ឱកាសកសាងសមត្ថភាព សិទ្ធិសេរីភាព សមភាពយេនឌ័រ និងការលើកកម្ពស់តួនាទីឲ្យក្លាយជាអ្នកដឹកនាំនៅគ្រប់កម្រិត ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ កត្តាទាំងនេះគឺបានមកដោយកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ ដែលស្ត្រីទាំងអស់គ្នាពិតជាបានចូលរួមអស់ពីកំលាំងកាយចិត្ត ក្នុងការបង្កើតឡើង និងរក្សាវិញបានយ៉ាងល្អ។

លោកជំទាវប្រធាន បន្តមានប្រសាសន៍ទៀតថា ក្នុងនាមលោកជំទាវ ជាប្រធានគណ:កម្មការទី៨ព្រឹទ្ធសភា ទទួលបន្ទុកកិច្ចការនារី ពិតជាមានជំនឿយ៉ាងមុតមាំថា ថ្នាក់ដឹកនាំទាំងអស់នៃបណ្តាញសន្តិភាព ដែលទើបនឹងបង្កើតឡើងកាលពីថ្ងៃទី១២ កុម្ភៈ កន្លងមកនេះ និងជាពិសេស គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព (IWPG) និងអង្គការពន្លឺវប្បធម៌នៃសន្តិភាព (HWPL) នឹងចូលរួមយ៉ាងសកម្មបន្ថែមទៀត ជាមួយស្រ្តីកម្ពុជានៅទូទាំងប្រទេស តាមរយៈការបង្កើតកម្មវិធីស្រ្តី និងការអប់រំសន្តិភាព ការពង្រឹងអំណាចរបស់ស្ត្រី ការផ្សព្វផ្សាយអំពីសារសំខាន់ និងអត្ថន័យនៃសន្តិភាព និងការបណ្តុះគំនិតស្រលាញ់សន្តិភាពតាំងពីកុមារភាព សំដៅផ្លាស់ប្តូរឥរិយាបថឈានទៅលុបបំបាត់អំពើហិង្សា ការគាំទ្រដល់ការប្រាស្រ័យទាក់ទងគ្នាកាន់តែល្អក្នុងសង។

កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅរយៈ ពេលមួយព្រឹក ដោយមានការធ្វើបទបង្ហាញ៖ ទី១-ស្តីពីតួនាទីរបស់ស្ត្រីក្នុងការចូលរួមទៅលើសេចក្តីថ្លែងការណ៍ស្តីពីសន្តិភាព និងការបញ្ឈប់សង្គ្រាម និងផ្តល់ចម្លើយដល់ដំណើរ ការណ៍សន្តិភាព ទី២-ស្តីពីតួនាទីរបស់ស្ត្រីក្នុងការចូលរួមដោយភាពសុខដុមរមណីយ និងការទំនាក់ទំនងល្អ និងអំពីសន្តិភាព និងទី៣-ការចាប់ផ្តើមកិច្ចការសន្តិភាពនៅកម្ពុជាក្នុងការរួមគ្នាតែមួយជាមួយគណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព IWPG ៕