លោកជំទាវ តឹករ៉េត កំរង ជួបពិភាក្សាការងារជាមួយឯកឧត្តម Valeriu Arteni ភារៈធារីនៃស្ថានទូតសាធារណរដ្ឋរ៉ូម៉ានី ប្រចាំនៅកម្ពុជា


កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Valeriu Arteni ភារៈធារីនៃស្ថានទូតសាធារណរដ្ឋរ៉ូម៉ានី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។

កិច្ចប្រជុំពិភាក្សាការងារនេះ បានផ្តោតលម្អិតទៅលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋរ៉ូម៉ានី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Valeriu Arteni បានកោតសសើរចំពោះការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជារាល់រៀងឆ្នាំរបស់កម្ពុជា ហើយឯកឧត្តម ក៏បានលើកទឹកចិត្តឲ្យប្រទេសទាំងពីរ ធ្វើការសហការ និងស្វែងរកយន្តការនិងមធ្យោបាយនានា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកជំទាវ តឹករ៉េត កំរង បានលើកឡើងពីកំណើន និងស្ថេរភាពសេដ្ឋកិច្ច-នយោបាយរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ប្រទេសកម្ពុជា តែងតែលើកកម្ពស់ និងប្រកាន់ខ្ជាប់នូវលទិ្ធប្រជាធិបតេយ្យសេរី ពុហបក្ស និងសិទិ្ធមនុស្ស ដូចមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវពង្រឹងឯករាជ្យភាព អធិបតេយ្យភាព សេរីភាព និងសេចក្តីថ្លៃថ្នូរ។ លោកជំទាវ ក៏បានស្នើសុំឲ្យឯកឧត្តម ជួយជម្រាបជូនថ្នាក់ដឹកនាំរូម៉ានី និងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ពីស្ថានភាពពិតប្រាកដរបស់កម្ពុជា មុននឹងធ្វើការវិនិច្ឆ័យ ឬសម្រេចចិត្តណាមួយ។

ឯកឧត្តម នឹងផ្តល់ព័ត៌មាននេះជូនថ្នាក់ដឹកនាំរូម៉ានី ហើយឯកឧត្តម ក៏បានលើកឡើងពីការរៀបចំពិធីពិព័រណ៍អន្ដរជាតិរបស់រ៉ូម៉ានី ទៅលើទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ជាពិសេសទំនិញកសិកម្ម នៅពេលវេលាឆាប់ៗនាពេលខាងមុខនេះ។ ឯកឧត្តម នឹងអញ្ជើញភាគីកម្ពុជា ទៅចូលរួមពិធីពិព័រណ៍ខាងលើ ក្នុងគោលបំណងឲ្យវិស័យឯកជនកម្ពុជា អាចមានឱកាសក្នុងការដាក់តាំងបង្ហាញផលិតផលរបស់ ខ្លួន ហើយនឹងរៀបចំការផ្គូរផ្គងអាជីវកម្មរវាងប្រទេសទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតប លោកជំទាវ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម Valeriu ដែលបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរូម៉ានី។ លោកជំទាវ ក៏បានស្នើសុំឲ្យភាគីរូម៉ានី ផ្ញើលិខិតអញ្ជើញមកភាគីកម្ពុជាឲ្យបានឆាប់រហ័ស ដើម្បីកម្ពុជាមានពេលវេលាគ្រប់គ្រាន់ សម្រាប់រៀបចំនិងអញ្ជើញវិស័យឯកជន ឲ្យចូលកម្មវិធីពិព័រណ៍ឲ្យបានទាន់ពេលវេលា។ ជាទីបញ្ចប់លោកជំទាវ ក៏បានអញ្ជើញភាគីរូម៉ានីឲ្យចូលរួមកម្មវិធីពិព័រណ៍របស់កម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៩ខាងមុខនេះ។